សហភាពអឺរ៉ុបបើកដំណើរការផែនការឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន
ប្រ៊ុចសែល៖ សហភាពអឺរ៉ុបបានដាក់ចេញនូវយុទ្ធសាស្ត្រផ្លូវការមួយ ដើម្បីបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិន ដោយសន្យាថា នឹងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយតៃវ៉ាន់ ក៏ដូចជាដាក់ពង្រាយនាវាបន្ថែមទៀតសំដៅរក្សាផ្លូវសមុទ្របើកចំហ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell ថ្លែងថា យុទ្ធសាស្ត្រនេះក៏បើកចំហចំពោះប្រទេសចិនផងដែរ ជាពិសេសនៅក្នុងតំបន់ដូចជាការប្រែប្រួលអាកាសធាតុ ប៉ុន្តែមន្រ្តីការទូតបានប្រាប់កាសែតរ៉យទ័រថា ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយឥណ្ឌា ជប៉ុន អូស្ត្រាលី និងតៃវ៉ាន់ គឺមានគោលបំណងកំណត់អំណាចរបស់ទីក្រុងប៉េកាំង។ លោក Borrell ក៏បាននិយាយផងដែរថា កិច្ចព្រមព្រៀងកាលពីថ្ងៃពុធសប្តាហ៍នេះរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និង អង់គ្លេស ដើម្បីបង្កើតភាពជាដៃគូសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសហភាពអឺរ៉ុបមិនត្រូវបានពិគ្រោះយោបល់នោះ បានបង្ហាញពីតម្រូវការសម្រាប់គោលនយោបាយការបរទេសដែលមានភាពរឹងមាំជាងមុន។
លោក Borrell បន្ថែមថា សហភាពអឺរ៉ុបមានបំណងចង់ធ្វើការជាមួយអង់គ្លេសលើផ្នែកសន្តិសុខ ប៉ុន្តែថា ទីក្រុងឡុងដ៍មិនបានបង្ហាញពីការចាប់អារម្មណ៍ទេ ចាប់តាំងពីខ្លួនចាកចេញពីប្លុកនេះ និងសម្តែងការសោកស្តាយដែលអូស្ត្រាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកតម្លៃ៤០ពាន់លានដុល្លារជាមួយបារាំង។ បើតាមប្រធានសហភាពអឺរ៉ុបលោក Charles Michel កិច្ចព្រមព្រៀងអាមេរិកជាមួយអូស្រ្តាលី និងអង់គ្លេសបានបង្ហាញបន្ថែមទៀតអំពីតម្រូវការសម្រាប់វិធីសាស្រ្តរួមរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្រ៕ ប្រភព៖ CNA


