ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញានេះ កម្ពុជានឹងមានធ្លាក់ក្នុងកម្រិតពីតិច ទៅមធ្យម សូមមានការប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំលើស្ថានភាពអាកាសធាតុរួចមកបានបង្ហាញឲ្យឃើញថា ៖ បច្ចុប្បន្នកម្ពុជាបាន និងកំពុងបន្តទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឲ្យភ្លៀងនៅតែបន្តមានក្នុងកម្រិតពីតិចទៅមធ្យម ។
ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុមានការប្រែប្រួលខ្លាំងដោយប្រព័ន្ធសម្ពាធទាបចាប់កើតសារជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង នឹងអូសកាត់បញ្ឆិតព្រះរាជាណាចក្រកម្ពុជាផ្នែកខាងជើង ដែលអាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។
ទន្ទឹមនឹងនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើងនៅសមុទ្រចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី១៥ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយធ្វើដំណើរឆ្ពោះមកប្រទេសវៀតណាមដែលនឹងអាចមានឥទ្ធិពលគួរឲ្យកត់សំគាល់នៅតំបន់ភាគឦសានរបស់កម្ពុជា ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន នឹងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណ៍អាកាសធាតុមានការប្រែប្រួល ៕



