ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ បន្តចុះផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» ដេីម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥

ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នើម នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ១៧នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរេីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់សាខា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹក ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ជូនចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តម បានលេីកឡេីងពីគំរូវីរភាពរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាននិងកំពុងបំពេញបេសកកម្មក្នុងការបន្តកិច្ចការងារ បេីទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ក្រុមការងារនៅអាចធ្វេីការ បានជាបន្តបន្ទាប់តាមបែបគន្លងថ្មី។

ទន្ទឹមនឹងនេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនដែលចូលរួមកម្មវិធីនៅថ្ងៃនេះ សូមជួយបន្ត ផ្សព្វផ្សាយចំណេះដឹងដល់ក្រុមគ្រួសារ មិត្តភក្តិ បងប្អូនបន្ថែមទៀត ជាពិសេសមន្ត្រីពាក់ព័ន្ធ និងបណ្តាញផ្សព្វផ្សាយនានា សូមបន្តផ្សាយឱ្យបានទូលំទូលាយ ដល់សាធារណជន ដេីម្បីចូលរួមទទួលខុសត្រូវក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ផង និងលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ផង។

ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់បទបង្ហាញពី លោកជំទាវ មុំ ចន្ទី និងលោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាធិការក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ រួចមក ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារ ឥស្សរជនឆ្នេីមថ្នាក់ជាតិ ដែលបានដាស់តឿនពីសារអប់រំសុខភាព ពីវិធីការពារខ្លួន ពីជំងឺកូវីដ-១៩ និងមេរោគអេដស៍ ព្រមទាំងបាន ទទួលនូវវត្ថុអនុស្សាវរីយ៍ ក្នុង ម្នាក់ៗ ៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកសុទ្ធ ទឹកក្រូច សម្ភារប្រេីប្រាស់ កញ្ចប់អនាម័យ និងថវិកា ១០ម៉ឺនរៀល។

បន្ទាប់ពីកម្មវិធីខាងលេីនេះ ក្រុមការងារ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កុមារកំព្រា ២នាក់ ដែលត្រូវឪពុកបោះបង់ចោល និងម្តាយស្លាប់ ហេីយត្រូវបាន សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជួយសម្របសម្រួលឱ្យបានស្នាក់នៅក្នុងមណ្ឌលកុលាបនៃមន្ទីរសង្គមកិច្ចខេត្តព្រះសីហនុផងដែរ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner