លោកជំទាវជូ ប៊ុនអេង អញ្ជើញសួរសុខទុក្ខដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ១២០គ្រួសារ

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងអញ្ជើញសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១២០គ្រួសារ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ឌិ អភិបាលខេត្តកំពង់ឆ្នាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងអាជ្ញាធរមូលដ្ឋានផងដែរ ។

លោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើ
សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។

លោកជំទាវបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវគោលការណ៍ណែនាំរបស់
ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល “៣ការពារ និង៣កុំ”ឱ្យបានខ្ជាប់ខ្ជួន ដើម្បីខ្លួនយើងនិងសហគមន៍ចៀសផុតពី ជំងឺកូវីដ-១៩ ។

លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា និងសូមនាំកូនចៅដែលគ្រប់អាយុទៅចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំ និងកាត់ផ្តាច់ការឆ្លងរាលដាលក្នុងគ្រួសារនិងសហគមន៍។

អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង ១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ មី ១០កំប៉ុង ត្រីខ ១០
កំប៉ុង ទឹកត្រី ១យួរ អាល់កុល និងម៉ាស់ ផងដែរ ៕. សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner