ចៅប្រុសញៀនថ្នាំដុតផ្ទះលោកយាយបណ្ដាលឲ្យឆេះស្លាប់នៅក្នុងផ្ទះយ៉ាងអណោចអធម៌
ភ្នំពេញ ៖ លោកយាយអាយុ ៧៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានចៅប្រុសដែលញៀនថ្នាំទៅជាវិកលចរិកបានដុតផ្ទះខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលអ្នកជិតខាងនិងសមត្ថកិច្ចចុះទៅអន្តរាគមន៍កាលពីវេលាម៉ោង១១និង៤០នាទីយប់ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិដំណាក់ធំ២ ក្រុម៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនបង្កមានឈ្មោះ សេន សាម៉ាន់ថៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សវិកលចរិកដោយសារញៀនថ្នាំខ្លាំងត្រូវបានឃាត់ខ្លួន។
លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ គីម យ៉ាន ភេទស្រី អាយុ ៧៥ឆ្នាំ មុខរបរនៅផ្ទះ បានស្លាប់នៅក្នុងភ្លើង។ផ្ទះទំហំទទឹង៦ម៉ែត្រនិងរបណ្ដោយ៨ម៉ែត្រជាងក្រោមថ្មខាងលើជញ្ជាំងដែកប្រក់ស័ង្កសីត្រូវបានឆេះខ្ទេចទាំងស្រុងរួមទាំងសម្ភារៈនៅក្នុងផ្ទះនិងលោកយាយម្នាក់បានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនបង្កជាចៅប្រុសលោកយាយរងគ្រោះបានធ្លាប់ដុតផ្ទះខាងលេីជាច្រេីនដងដែរតែមិនបានសម្រេច រហូតនៅថ្ងៃកេីតហេតុ ក៏ដុតឆេះខ្ទេចតែម្ដង ។
ក្នុងប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យខាងលេីនេះ គឺមានរថយន្តពន្លត់អគ្គីភ័យដល់កន្លែងកើតហេតុចំនួន៣គ្រឿងបាន ប្រើប្រាស់ទឹកអស់ទាំង៣គ្រឿង ហើយបាញ់ឲ្យរលត់ទៅវិញនៅវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រនៅថ្ងៃចន្ទ ខែឆ្នាំដដែល ៕ ដោយ ៖ ជីម ភារ៉ា