សាហាវព្រៃផ្សៃម្លេះយកដែកថ្នាំងអំពៅវាយលើប្រពន្ធរហូតរងរបួសធ្ងន់ធ្ងរ
ខេត្តកំពត ៖ ករណីផ្ទុះអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ ទៀបភ្លឺស្ថិតនៅក្នុងភូមិព្រែកគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។
បើយោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះឯម ស្រីទូច ជាជនរងគ្រោះ ត្រូវជាប្រពន្ធជនបង្កបានក្រោកឡើងពីដំណេកម៉ោង៤ ទៀបភ្លឺ រៀបចំទៅធ្វើការរោងចក្រដូចសព្វមួយដង តែត្រូវបានឈ្មោះ ឌឹមចាយ ជាប្ដី និងជាជនបង្កបានឃាត់មិនឲ្យជនរងគ្រោះទៅធ្វើការតែជនរងគ្រោះនៅតែចចេះទៅធ្វើការទើបធ្វើឲ្យជនបង្កឈ្មោះ ឌឹម ចាយ ដែលត្រូវជាប្ដីខឹងសម្បារយ៉ាងខ្លាំងក៏បានទាញដែកថ្នាំងអំពៅវាយសន្ធាប់ទៅលើប្រពន្ធរបស់ខ្លួន រហូតបាត់បង់ស្មារតីដេកនៅក្នុងឈាម ។ ឃើញកូនប្រសាប្រើអំពេីហិង្សាទៅលើកូនស្រីបង្កើតដូចនេះ លោក ឯម ធុង ដែលត្រូវជាឪពុកក្មេកជនបង្កបានស្ទុះទៅចាប់ជនបង្កដើម្បីកុំឲ្យប្រើអំពេីហិង្សាទៅលើកូនស្រីរបស់ខ្លួនតែបែជាត្រូវកូនប្រសាចិត្តអប្រិយ វាយនិងច្របាច់កគាត់ស្ទើរស្លាប់ស្ទើររស់ ។
ជនបង្កត្រូវជាប្ដីមានឈ្មោះ ឌឹម ចាយ អាយុ ៣៩ឆ្នាំ មុខរបរជាអ្នកចុះទូកនៅកំពង់សោម
ចំណែកជនរងគ្រោះមានឈ្មោះ អែម ទូច ត្រូវជាប្រពន្ធរងរបួសធ្ងន់ត្រង់ក្បាលដេរអស់ចំនួន ៥០សិបថ្នេរ និងរងរបួសត្រង់ដៃត្រង់ជើងបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ចំណែកជនបង្កត្រូវជាប្ដីបន្ទាប់ពី ប្រេីអំពេីហិង្សាលើប្រពន្ធ លើឪពុកក្មេកហើយបានគេចខ្លួនបាត់ស្រម៉ោល ។
នៅក្នុងសាច់រឿងនេះដែរសាច់ញាតិជនរងគ្រោះសំណូមពរឲ្យសមត្ថកិច្ចខេត្តកំពត មេត្តាចាប់ជនបង្កដើម្បីអនុវត្តតាមច្បាប់ព្រោះបច្ចុប្បន្ននេះបន្ទាប់ពីជនបង្កបានគេចខ្លួនបាត់ពួកគាត់មិនហ៊ានសម្រាកនៅផ្ទះទេព្រោះខ្លាចជនបង្កលបមកស្ងាត់ៗធ្វើបាបមកលើក្រុមគ្រួសារគាត់ទៀត ។
ចំណែក លោក ហីង ឈុំ អធិការនគរបាលស្រុកដងទង់បានផ្ដល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទដៃថា រឿងអំពើហិង្សាក្នុងគ្រួសារ រវាងប្តី ប្រពន្ធ និងឪពុកក្មេក បន្ទាប់ពីបានប្រើអំពើហិង្សាលើប្រពន្ធលើឪពុកក្មេករួចហើយក៏គេចខ្លួនបាត់ស្រម៉ោល បញ្ហានេះ លោក នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីឱ្យតុលាការចេញដីកាចាប់ខ្លួន និងឈានដល់ការឃាត់ខ្លួនអនុវត្តទៅតាមច្បាប់ ៕