សម្តេចតេជោ នៅតែបន្តផ្តល់ផ្ទះជូនដល់អតីតយុទ្ធជនពលី ពិការ និងមរណៈ កាលពីក្នុងអំឡុងសម័យសង្គ្រាម បានរស់នៅសមរម្យ និងស្មើមុខស្មើមាត់ ដូចអ្នកឯទៀត នៅក្នុងសង្គមកម្ពុជា !
ខេត្តព្រះវិហារ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចបានបន្តផ្តល់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ដែលបានរងនូវពិការភាព ពលី និងមរណៈភាព កាលពីក្នុងអំឡុងសម័យតស៊ូ ធ្វើសឹកសង្គ្រាមការពារទឹកដី ប្រយុទ្ធជាមួយនឹងបច្ចារមិត្រ ដើម្បីទទួលបានឯករាជ្យភាព មកជូនជាតិ និងមាតុភូមិ ចំនួន២គ្រួសារ បន្ថែមទៀត តាមរយះអាជ្ញាធរខេត្ត និងប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។
នៅក្នុងរយះពេល២ថ្ងៃចុងសប្តាហ៍កន្លងមកនេះ ដែលត្រូវនឹងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិចិន និងវៀតណាម រវាងពីថ្ងៃទី២៥មករា ដល់ថ្ងៃទី២៦មករាឆ្នាំ២០២០ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា លោកបានដឹកនាំក្រុមការងារសមាគមថ្នាក់ខេត្ត ស្រុក និងនៅថ្នាក់មូលដ្ឋាន ចុះជួយសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន នៅក្នុងស្រុកចំនួន ២ គឺ ស្រុកឆែប និងស្រុងរវៀង ខេត្តព្រះវិហារ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់ សម្ដេចតេជោ សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម ចំពោះគ្រួសារ និងសមាជិកសមាគមអតីតយុទ្ធជន នៅក្នុងខេត្តព្រះវិហារ ទាំងមូល។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសន៍ថា សម្តេចតេជោ តែងតែគិតគូជានិច្ច ពីភាពសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនធ្លាប់មានគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ មាតុភូមិ និងប្រជាជន ក្នុងការតស៊ូយ៉ាងអង់អាចក្លាហាន និងប្តូរផ្តាច់ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ រហូតបាត់បង់ជីវិត និងពិការភាព នៅក្នុងអំឡុងពេលធ្វើសឹកសង្គ្រាម កាលពីសម័យអតីតកាល។
លោកបានបន្តថា ដោយមើឃើញពីការលំបាកផ្នែកជីវភាព និងគ្មានផ្ទះសម្បែងរស់នៅសមរម្យ របស់គ្រួសារអតីតយុទ្ធជន នៅពេលកន្លងមក និងនៅរយះពេលពីរថ្ងៃចុងសប្តាហ៍មុននេះ លោកបានដឹកនាំមន្ត្រីសមាគមគ្រប់ថ្នាក់ បន្តចុះសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធជន បាន២ខ្នងបន្ថែមទៀត ក្នុងនោះ ១ខ្នង ផ្ទះសង់ក្នុងទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជូនឈ្មោះ ថោង កិ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនពិការ រស់នៅភូមិថ្មី ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ដោយចំណាយថវិកាអស់ ៩លាន ៥សែន ៥ម៉ឺនរៀល។ និង ១ខ្នងទៀត ផ្ទះសង់ក្នុងទំហំ ៥x៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជូនឈ្មោះ ឈុន បោន ភេទប្រុស អាយុ៥៥ឆ្នាំ ជានិវត្តន៍ជន រស់នៅភូមិត្រពាំងផ្ចិត ឃុំរុងរឿង ស្រុករវៀង ដោយចំណាយថវិកាអស់ ចំនួន ៩លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់គ្រួសារ និងសមាជិកអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ដោយអនុវត្តតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល សមាគមអតីយុទ្ធជនខេត្តព្រះវិហារ នៅតែបន្តចុះជួយសាងសង់ផ្ទះ ជូនសមាជិករបស់ខ្លួន នៅទូទាំងខេត្តជាបន្តទៀត ក្រោយពីរកឃើញថា សមាជិកអតីតយុទ្ធជនណា គ្មានដីធ្លី និងទីជម្រករស់នៅសមរម្យ ពិតប្រាកដនោះ។
ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានឧបត្ថម្ភថវិកា ១០ម៉ឺនរៀល រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ជូនដល់គ្រួសារសមាជិកអតីតយុទ្ធជន ទាំងពីរគ្រួសារនោះ ទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយគ្រា ថែមទៀតផង៕ធ.ដ
ដោយ៖ឡុង សំបូរ