សេចក្តីព្រៀងច្បាប់សំខាន់ៗចំនួន៧ ត្រូវបានព្រឹទ្ធសភាអនុម័ត

ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត  ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៣៨រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៩ ដូចខាងក្រោម៖

របៀបវារៈទី១ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ។

យោងតាមសេចក្តីសម្រេចលេខ ១៨៥គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត និងស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ទេព្វ សំអូន ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង  និងខេត្តស្វាយរៀង) ជំនួសឯកឧត្តម  សុខ យាត ដែល បានទទួលមរណភាព។

លោកជំទាវ ទេព្វ សំអូន សមាជិកាព្រឹទ្ធសភាថ្មីត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។

របៀបវារៈទី២៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា នីតិកាលទី៤។

ឯកឧត្តម អ៊‍ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកផ្លូវឱ្យមានការតែងតាំងអគ្គ-សវនករ និងអគ្គសវនកររងជាថ្មី នៅពេលដែលអាណត្តិ៥(ប្រាំ)ឆ្នាំត្រូវបានបញ្ចប់ ដើម្បីទទួលស្គាល់គុណតម្លៃនៃអគ្គសវនករ និងអគ្គសវនកររងដែលមានគុណវុឌ្ឍិ ស្នាដៃ បទពិសោធន៍ សមត្ថភាព កិច្ចសហការ និងការទទួលខុសត្រូវខ្ពស់លើការដឹកនាំអាជ្ញាធរសវនកម្មជាតិ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៤សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើក ចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិ- យោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយ គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជា មុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម សេដ្ឋកិច្ច។ ក្នុងនោះជាអាទិភាព៖

-ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែ

សង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនរំហូរចូលមូលធន ការផ្ទេរបច្ចេក-

វិទ្យា ចំណេះដឹង និងចំណេះធ្វើ។

-ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ច អាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់និងសកលលោក។ ការផ្តល់ការការពារនូវសិទ្ធិ និង ផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមាន លក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនឹងផលប្រយោជន៍ជាតិ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១២ជំពូក និង៤២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា- ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល

ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងដើម្បីប្រើប្រាស់ជាយន្តការពង្រឹងសន្តិសុខស្បៀង ការ កាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះអាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និង ប្រទេសបូកបី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ) ដោយមិនប៉ះពាល់ ដល់ទ្រង់ទ្រាយពាណិជ្ជកម្មទូទៅនោះឡើយ។

ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះដូចជា ការពង្រឹងសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូបត្ថម្ភ ជាពិសេសទទួលបានអង្ករដើម្បីចែកជូនប្រជាជនក្រីក្រដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធ្ងន់ធ្ងរ ចាប់តាំងពី

ឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២០ កន្លងមកនេះ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន  ៣មាត្រា  ដោយឡែកពិធីសារធ្វើវិសោធនកម្មកិច្ច

ព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ មាន២មាត្រា និងមានឧបសម្ព័ន្ធចំនួន២ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា ១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ ជសរកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖

-កែសម្រួលវេនការងារ របៀបចែកពេលធ្វើការរបស់រោងចក្រ សហគ្រាស មិនត្រូវឱ្យលើសថិរ-វេលាធ្វើការពេញលេញនៃកម្មករនិយោជិត ក្នុង១(មួយ)ថ្ងៃ ដូចមានចែងក្នុងមាត្រា១៣៧ នៃច្បាប់ស្តីពីការងារ។

-ការពារអត្ថប្រយោជន៍ជូនកម្មករ និយោជិតធ្វើការនៅថ្ងៃឈប់បុណ្យ ដោយមានប្រាក់ឈ្នួលដើម្បីឆ្លើយតបទៅនឹងការវិវត្តផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា។

-លើកកម្ពស់សិទ្ធិការងារ និងធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយផ្តោតជាសំខាន់ទៅលើការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទ បុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគី វិវាទ និងការផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ដល់អធិការការងារឱ្យពិនិត្យបទល្មើស នៃច្បាប់ស្តីពីការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងស្របតាមភារកិច្ចដែលមន្ត្រីអធិការកិច្ចការងារ ត្រូវធ្វើ និងបានកំពុងធ្វើ។

សេចក្តីព្រាងច្បាប់នេះ ពិតជាបានរួមចំណែកក្នុងការរក្សាបាននូវភាពប្រកួតប្រជែងរបស់

ព្រះរាជាណាចក្រកម្ពុជាទៅនឹងការវិវត្តផ្នែកសង្គម សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ស្របតាមប្រក្រតីភាពនៃគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងជាការឆ្លុះបញ្ចាំង នូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការគោរពសិទ្ធិការងារ ការផ្តល់ទំនុកចិត្តដល់សាធារណជន អន្តរជាតិ និងការបង្កើននូវរំហូរនៃការវិនិយោគរបស់ផ្នែកឯកជនបានកើនឡើងជាបន្តបន្ទាប់។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៧ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ មានគោលបំណងបង្កើតបរិយា-

កាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។ កិច្ចព្រមព្រៀងនេះនឹង ដំណើរការទន្ទឹមគ្នា ព្រមទាំងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ប្រកបដោយបរិយាប័ន្ន និងផ្អែកលើគោលការណ៍ច្បាប់។ កិច្ចព្រមព្រៀងនេះក៏នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជ- កម្ម និងការវិនិយោគនៅក្នុងតំបន់ ដើម្បីពង្រីកបន្ថែមទៀតនូវខ្សែក្រវាត់ តម្លៃតំបន់ និងនាំមកនូវឱកាស ទីផ្សារ និងការងារសម្រាប់អាជីកម្មនិងប្រជាជននៅក្នុងតំបន់ផងដែរ។

កិច្ចព្រមព្រៀងនេះ មានសារសំខាន់ក្នុងការផ្ដល់ឱកាសដល់ប្រទេសក្នុងតំបន់ ដើម្បីការពារការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមានសារៈសំខាន់ខ្លាំង ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩។ កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៍ធំបំផុតក្នុងពិភពលោក ដោយមានប្រជាជនប្រមាណ ២២០០លាននាក់ ឬ៣០% នៃចំនួនប្រជាជនក្នុងពិភពលោក។ ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លាអាមេរិក ឬ៣០%នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក  និងមានទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មក្នុងពិភពលោកទាំងមូល។

កិច្ចព្រមព្រៀងនេះនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្ដូរ

និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្របនឹងយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩របស់កម្ពុជា យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ និងក្របខណ្ឌគោល- នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ។ ការពន្លឿនការធ្វើពិពិធកម្មទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសតាមរយៈកិច្ចព្រមព្រៀងនេះ អាចកាត់បន្ថយការពឹងផ្អែកលើទីផ្សារធំៗ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩៤សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជ​កម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៨ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីធ្វើសេរីភាវូបនីយកម្មនិងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរតាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយនិងរបាំងមិនមែនពន្ធគយ ដោយធានាថាស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព មិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសសំដៅការធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មសេវាកម្មឱ្យបានច្រើនវិស័យ និងបែបបទនៃការផ្គត់ផ្គង់សេវា ការសម្រួល ការពារ ជំរុញ និងទាក់ទាញវិនិយោគ ការធ្វើពិពិធកម្ម និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្រម-

ទាំងបង្កើតរចនាសម្ព័ន្ធសម្រាប់អនុវត្តកិច្ចព្រមព្រៀង និងកំណត់យន្តការដោះស្រាយវិវាទ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩

ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម  ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជ​កម្ម  អមដោយថ្នាក់ដឹកនាំ  មន្ត្រីជាន់ខ្ពស់

និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៩ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង។

សេចក្តីព្រៀងច្បាប់នេះ ជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ក្នុង ការគ្រប់គ្រងទីផ្សារប្រកបដោយប្រសិទ្ធភាព ដែលជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន លើកកម្ពស់ឧត្តម-ភាព និងជំរុញនវានុវត្តន៍។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច ឬសកម្មភាពគាំទ្រដល់ធុរកិច្ច  ដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ទោះបីសកម្មភាពនោះមានប្រភពនៅក្នុង ឬនៅក្រៅប្រទេសក៏ដោយ។ សេច-ក្តីព្រាងច្បាប់នេះ អនុវត្តចំពោះរាល់បុគ្គលទាំងឡាយ ដែលធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ច ទោះបីក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ មិនស្វែងរកប្រាក់ចំណេញ ឬក្នុងគោលបំណងសប្បុរសធម៌ និង

ទោះបីបុគ្គលទាំងនោះ មានទម្រង់ជាកម្មសិទ្ធឯកជន ឬជាកម្មសិទ្ធរដ្ឋក៏ដោយ។

សេចក្តីព្រាងច្បាប់នេះ មានគុណប្រយោជន៍ក្នុងការការពារ និងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញវិនិ-យោគក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្តាល មកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួម បញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំងរឹតត្បិត ឬបង្ខូចដល់ការប្រកួត ប្រជែងដែលគួរឱ្យកត់សម្គាល់នៅលើទីផ្សារ និងការការពារសុខុមាលភាពអ្នកប្រើប្រាស់ឱ្យទទួលបាន ទំនិញនិងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៧ជំពូក និង ៤១មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជា-

ណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជ​កម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner