ឯកឧត្តម ប៉ាន សូរស័ក្តិ ការពារសេចក្តីព្រាងច្បាប់ ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ អន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ចំនួន ៣ ៖ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា – រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា លើកទី៧ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៏ថា៖កម្ពុជាសំដៅបន្តសមាហរណកម្មខ្លួន ចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេស ក្រោមផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុ-វត្តយុទ្ធសាស្រ្តទាំងមូល នៃចតុ-កោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។ ជាលទ្ធផល ក្រោយពីបានពិនិត្យយ៉ាងល្អិតល្អន់រួចមក អង្គប្រជុំបានអនុម័តយល់ព្រម ដោយឥតកែប្រែ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ (១) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(អាសិប) (២) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជា-ណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង (៣) សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង ។
ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រម និងសង្ឃឹមយ៉ាងមុតមាំថា ច្បាប់ទាំងបីនេះនឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល និងជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជា ឱ្យកាន់ តែប្រសើរឡើង ជាពិសេស និងចូលរួមយ៉ាងសំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការស្តារទ្បើងវិញនូវសេដ្ឋកិច្ច-សង្គម ក្នុងវិបត្តិកូវីដ-១៩ នេះ ។
រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ នឹងប្តេជ្ញាសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័-យឯកជន ឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្ត និងទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀង និងច្បាប់ទាំងបីនេះ ឱ្យបានជាអតិបរិមា និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ៕





