បញ្ជូនខ្លួនស្ត្រីជនជាតិចិន ដែលបើករថយន្តបុកបុរសម្នាក់ស្លាប់ និងបុករះរថយន្តជាច្រើនគ្រឿងទៅតុលាការ
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីជនជាតិចិនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីអនុវត្តច្បាប់ បន្ទាប់ពីបានបើករថយន្តសេរីទំនេីបមួយគ្រឿង បុករួចថយកិនបុរសម្នាក់ស្លាប់ រួចបន្តជ្រុលបុករះរថយន្តចំនួន ៤គ្រឿងទៀត។
សូមបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្បែរក្រសួង អភិវឌ្ឍន៍ជនបទថ្មី ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស មូលដ្ឋានសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមសាក្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានកំពុងដើរតាមបណ្តោយ មហាវិថី ព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ពេលនោះ ក៏ស្រាប់មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rangrover ព័ណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 បើកបរដោយស្ត្រីជាជនជាតិចិនម្នាក់ ក្នុងទិសដៅស្របគ្នា ដោយខ្វះការប្រុងប្រយ័ត្ន បុកបុរសកំពុងតែដើរពីក្រោយពេញទំហឹង រួចបានថយកិនបម្ថែនទៀត បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ រួចរថយន្ត បង្កមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅបុករះរថយន្តឈប់ចតនៅលើចិញ្ចើមផ្លូវបន្ថែមចំនួន ៤គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ។
ក្រោយពីបានបើករថយន្តបង្កឱ្យមានអ្នកស្លាប់ និងខូចខាតរថយន្តរួច ស្រ្តីជនជាតិចិន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកទៅសាកសួរ រួចកម្លាំងជំនាញធ្វើការវ៉ាស់វែង និងធ្វើកំណត់ហេតុរួច បានស្ទូចយករថយន្តបង្ក និងរថយន្តរងគ្រោះយកទៅរក្សាទុក ដើម្បីបន្តតាមនីតិវិធី។ ចំណែកឯ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ឆៃហួត និងប៊ុនធី





