សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ជូនប្រជាពលរដ្ឋ កំឡុងពេលបុណ្យភ្ជុំ និងកុំភ្លេចអនុវត្តវិធានការ ៣កុំ និង៣ការពារ

ភ្នំពេញ៖ តាមរយៈទំព័រ Facebook នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារក្នុង Facebook ដូច្នេះថា ថ្ងៃទី២២ ខែកញ្ញា គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២កញ្ញា ដល់ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០២១។

សម្ដេចតេជោ បានសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។

សម្ដេច ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner