ការដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់ការអនុវត្ត IDP ក្នុងដំណាក់កាលទី២ ឆ្នាំ២០២២-២០២៥

ភ្នំពេញ៖ សិក្ខាសាលាតាមរយៈ ប្រព័ន្ធវីដេអូស្តីពី “ ការស្វែងយល់ពីបច្ច័យនៃជំងឺកូវីដ-១៩ ដើម្បីដាក់ចេញទិសដៅយុទ្ធសាស្ត្រ សម្រាប់ការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) ក្នុងដំណាក់កាលទី២ (ឆ្នាំ២០២២-២០២៥) ” រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ក្រោមកិច្ចសហការជាមួយ អង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានប្រារព្ធធ្វើនារសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាឧត្ដមមន្ត្រីបង្គោលនិងមន្រ្តីបច្ចេកទេស ទទួលបន្ទុកការងារ IDP ប្រចាំក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកលេខាធិ-ការដ្ឋាន IDP នៃ ក.អ.ក. សរុបប្រមាណ ១២០នាក់ ។

សិក្ខាសាលានេះ គោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖ (១) ការស្វែងយល់ពីនិន្នាការសេដ្ឋកិច្ច-សកល និងក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ (២) ការស្វែងយល់ពីបច្ច័យ នៃជំងឺកូវីដ-១៩ មកលើវិស័យឧស្សាហកម្មកម្ពុជា និង (៣) ការដាក់ចេញទិសដៅយុទ្ធសាស្ត្រ សម្រាប់ការអនុវត្ត IDP ក្នុងដំណាក់កាលទី២ ឆ្នាំ២០២២-២០២៥ ។

ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងពីសារៈសំខាន់ នៃការទទួលបានព័ត៌មាន តាមរយៈការធ្វើបទបង្ហាញ របស់អ្នកជំនាញនៃអង្គការ UNIDO ក៏ដូចជាវាគ្មិនក្នុងស្រុក នាពេលនេះ ដែលនឹងជួយឱ្យអ្នកចូលរួមទាំងអស់ បានយល់កាន់តែច្បាស់ និងស៊ីជម្រៅ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើខ្សែច្រវាក់ផលិតកម្មសកល ជាពិសេស មកលើវិស័យឧស្សាហកម្មកម្ពុជា ។ ជាងនេះទៅទៀត សិក្ខាសាលានេះ ក៏នឹងផ្តល់ជាធាតុចូលបន្ថែមសម្រាប់ ក.អ.ក. យកទៅគិតគូរបំពេញបន្ថែម ក្នុងរបាយការណ៍តាមដាន និងវាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តគោលនយោបាយ IDP សម្រាប់ឆ្នាំ ២០១៥-២០២០ (MTR) ដែល ក.អ.ក. កំពុងរៀបចំ ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរ និងបានផ្តល់នូវព័ត៌មានចាំបាច់នានា សម្រាប់ ក.អ.ក. ប្រើប្រាស់ក្នុងការរៀបចំសេចក្ដីព្រាងរបាយការណ៍ MTR ។ បន្ថែមលើនេះ ឯកឧត្តមក៏បានសម្តែងនូវការកោតសរ-សើរ និងថ្លែងអំណរគុណ ដល់អង្គការ UNIDO ដែលបានជួយបណ្តុះបណ្តាល សមត្ថភាព បន្ថែមលើផ្នែកប្រព័ន្ធតាមដាន និងវាយតម្លៃ (M&E) ជូនដល់លេខាធិការដ្ឋាន IDP នៃ ក.អ.ក. ដើម្បីជាមូលដ្ឋានរឹងមាំ ក្នុងការរៀបចំតាក់តែងរបាយការណ៍ ត្រួតពិនិត្យវាយតម្លៃពាក់កណ្តាលអាណត្តិក្នុ ងទ្រង់ទ្រាយធំនិងទូលំទូលាយនាពេលនេះ ។

ឯកឧត្តមមានសុទិដ្ឋិនិយមថា ដរាបណាស្មារតី នៃការចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់គ្រប់តួអង្គពាក់ព័ន្ធនៅតែបន្ត ក.អ.ក ពិតជាអាចបញ្ចប់របាយ-ការណ៍ MTR ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ នៅត្រឹមដំណាច់ឆ្នាំ ២០២១នេះ ដោយត្រូវគោរពដាក់ជូនកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី ពិនិត្យ និងអនុម័ត ក្នុងអំឡុងខែវិច្ឆិកាខាងមុខ។ ដើម្បីឈានទៅបញ្ចប់របាយការណ៍ MTR នេះ បានតាមកាលកំណត់ ក.អ.ក. គ្រោងនឹងរៀបចំកិច្ចប្រជុំអន្តរ-ក្រសួង ដើម្បីពិនិត្យពិគ្រោះយោបល់ លើសេចក្ដីព្រាងរបាយការណ៍ ជាលើកចុង-ក្រោយ នៅសប្តាហ៍ទី៤ នៃខែកញ្ញា មុននឹងដាក់ឆ្លងកិច្ចប្រជុំ គណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងអនុម័ត ដែលគ្រោងនឹងធ្វើឡើង នៅសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ដើម្បីធានាវឌ្ឍនភាពជាប្រចាំ នូវប្រសិទ្ធភាព និងសង្គតិភាព នៃការអនុវត្តគោលនយោបាយ IDP រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ក.អ.ក. ក្នុងការរៀបចំ និងសម្របសម្រួ-លអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃដ៏ពេញលេញ និងគ្រប់ជ្រុងជ្រោយមួយ។ ឈរលើមូលដ្ឋាននេះ ក្នុងការរៀបចំរបាយការណ៍ MTR ក.អ.ក. បានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីប្រមូលទិន្នន័យសូចនាករទាំង ៣កម្រិត (យុទ្ធសាស្រ្ត, វិស័យ, និងបច្ចេកទេស) និងស្វែងរកទិន្ន-ន័យបន្ថែម ពីប្រភពអន្តរជាតិ មកធ្វើការវិភាគ សំយោគ និងវាយតម្លៃ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិ-ភាក្សា ទាំងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំ ជាច្រើនលើកច្រើនសារ ដើម្បីជ្រើសរើសសូចនាករសម្រាប់វាស់វែង និងពិនិត្យលើលទ្ធផលវិភាគបឋម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner