អ្នកលេងកណ្តាប់ដៃ៦គូ នឹងឡើងមកអង្រួនសង្វៀន ULTIMATE BOXING CHAMPIONSHIP 2021 ខណៈកីឡាការិនី នៅ ស្រីពៅ ជួប វី ស្រីស្រស់

ការប្រកួតប្រដាល់សកលដែលប្រសិទ្ធិនាមថា ULTIMATE BOXING CHAMPIONSHIP 2021 ដែលគ្រោងដំណើរការប្រកួតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ មាន៦គូសុទ្ធសឹងជាអ្នកលេងកណ្តាប់កក្រើកសង្វៀនជាក់ជាមិនខាន ។
សមាសភាសភាពទាំង៦គូ ក្នុងកម្មវិធី ULTIMATE BOXING CHAMPIONSHIP 2021 សប្តាហ៍ទី២នេះ មានកីឡាការិនី នៅ ស្រីពៅ មកពីសមាគមកីឡាក្រសួងមហាផ្ទៃ ជួប កីឡាការិនី វី ស្រីស្រស់ កីឡាការិនីជម្រើសជាតិកម្ពុជា លើប្រភេទទម្ងន់៥៧គីឡូក្រាម ។
គូនេះធ្លាប់ជួបគ្នានៅជើងថ្នាក់ជាតិម្តងរួចមកហើយដោយនៅ ស្រីពៅ ទទួលបានជ័យជំនះ ។ ខណៈ៥គូផ្សេងទៀត កីឡាករ ឈិន សីហា មកពីក្លិបសារវ័ន្តកីឡា ជួប កីឡាករ ផល ស៊ីឡុង មកពីក្លិបតាលីដំរីមានរិទ្ធ នៃសមាគមនកីឡាក្រសួងមហាផ្ទៃ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ។ កីឡាករ វុទ្ធី ពិសី ក្លិបនាគរាជមានជ័យ នៃសមាគមនកីឡាក្រសួងសេដ្ឋកិច្ច ប៉ះ កីឡាករ រុំ ធារ៉ា មកពីក្លិបអារុណរះកីឡា ខេត្តកណ្តាល លើប្រភេទម្ងន់៦៤គីឡូក្រាម ។

កីឡាករ លីម ឌឹមង៉ែត ក្លិបបូរីរាជសីហ៍មានរិទ្ធ ជួប កីឡាករ ឆន ឈៀនវ៉ាន់ មកពីក្លិបកេងកងមានរិទ្ធ លើប្រភេទទម្ងន់៥៧គីឡូក្រាម ។ កីឡាករ អំ ខេម ជម្រើសជាតិ ប៉ះ កីឡាករ ឈុត ប្រាក់កក់ មកពីក្លិបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង ប្រកួតលើប្រភេទទម្ងន់៤៩គីឡូក្រាម ។ កីឡាករ ទូច ដេវីត ជម្រើសជាតិ ជួប កីឡាករ ឃុន ឌីណា មកពីក្លិបតាឯកដំបងដែកមានរិទ្ធ លើប្រភេទទម្ងន់ ៦០គីឡូក្រាម ។

សូមបញ្ជាក់ថា ការប្រកួត ULTIMATE BOXING CHAMPIONSHIP 2021 ត្រូវបានលោក ប៊ុយ សុភ័ណ អគ្គលេខាធិការ លើកឡើងថា រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាស សម្រាប់អត្តពលិកជម្រើសជាតិ បានប្រកួតផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ត្រៀមស៊ីហ្គេម នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពិសេសផ្តល់ឱកាសឲ្យកីឡាករ កីឡការិនី នៅតាមបណ្តាក្លិបផ្សេងៗ ធ្វើការប្រកួតប្រជែងពង្រឹងសមត្ថភាព ៕




