ស៊ីហ្គេម លើកទី៣១ នៅវៀតណាម អាចនឹងសម្រេចជាផ្លូវការនៅខែតុលាខាងមុននេះ
ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ ដែលវៀតណាមទទួលធ្វើម្ចាស់ផ្ទះ គ្រោងនឹងរៀបចំក្នុងអំឡុងខែមេសា ឬខែឧសភា ឆ្នាំ២០២២ខាងមុខនេះ នឹងប្រកាសធ្វើឬមិនធ្វើជាម្ចាស់ផ្ទះនៅខែតុលា ឆ្នាំ២០២១នេះ ។ នេះបើយោងតាមការបង្ហើបពី ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc នាព្រឹកថ្ងៃទី២១ ខែកញ្ញាកន្លងទៅ ក្រោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារពិធីបើក-បិទ និងព្រះរាជពិធីសុំភ្លើងអទិទេព រត់ភ្លើងគប់ ។

ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងបណ្ដាប្រទេសសមាជិកផ្សេងៗ បានទុកលទ្ធភាពឲ្យវៀតណាម ត្រឹមខែតុលាប៉ុណ្ណោះ ប្រសិនបើមិនបញ្ជាក់ពេលវេលាច្បាស់ក្នុងខែតុលា ឆ្នាំ២០២១ខាងមុខនោះទេ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងសម្រេចផ្លូវការលុបចោលស៊ីហ្គេមទាំងស្រុង ហើយឲ្យវៀតណាមផ្ទេរទង់មកកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង ។
អគ្គលេខាធិការរូបនេះ បន្ថែមមថា ការកំណត់ពេលវៀតណាមនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ ស្របពេលវៀតណាម នៅមានភាពស្ទាក់ស្ទើរ និងមិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទច្បាស់លាស់ ក្នុងការរៀបចំស៊ីហ្គេម នៅឡើយ ។
គួររំលឹកដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ដែលគ្រោងនឹងធ្វើ នៅវៀតណាម ចុងឆ្នាំ២០២១នេះ ត្រូវបានពន្យាពេលទៅឆ្នាំ២០២២វិញ ដោយសារតែផ្ទុះខ្លាំងនូវជំងឺកូវីដ-១៩ ប៉ុន្តែការពន្យារពេលនេះខាងភាគីម្ចាស់ផ្ទះ នៅមិនទាន់បញ្ជាក់ពីការបរិច្ឆេទនោះទេ ហើយប្រសិនបើមិនបញ្ជាក់ព័ត៌មានច្បាស់លាស់ ក្នុងខែតុលា ឆ្នាំ២០២១នេះ នោះក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងសម្រេចលុបចោល ស៊ីហ្គេមទាំងស្រុងតែម្តង ៕




