«ការអភិវឌ្ឍជាសកល» ជាគំនិតផ្តួចផ្តើមថ្មីរបស់ចិនដើម្បីរួមចំណែកថ្មីដល់ការអភិវឌ្ឍរបស់ពិភពលោកក្នុងយុគសម័យថ្មី
កាលពីពេលថ្មីៗកន្លងទៅនេះ ពេលអញ្ជើញចូលរួមការជជែកពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ព្រមទាំងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ចិនគឺ«ការអភិវឌ្ឍជាសកល» ។ លោកបានគូសបញ្ជាក់ថា ការអភិវឌ្ឍគឺជាគន្លឹះនៃការសម្រេចបាននូវសុភមង្គលរបស់ប្រជាជន ។ ប្រឈមនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺកូវីដ-១៩ យើងត្រូវរួមគ្នាជំរុញការអភិវឌ្ឍជាសកលឱ្យឡើងដល់កម្រិតកាន់តែខ្ពស់កាន់តែថ្មីដែលប្រកបដោយតុល្យភាព កិច្ចសម្របសម្រួលនិងបរិយាប័ន្ន ។
លោកបានលើកគំនិតផ្តួចផ្តើម ៦ ចំណុចស្តីពីការអភិវឌ្ឍជាសកលមានជាអាទិ៍៖
ទី១. ប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព
ទី២. ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល
ទី៣. ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទូទៅនិងប្រកបដោយបរិយាប័ន្ន
ទី៤. ប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីនូវកម្លាំងចលករ
ទី៥. ប្រកាន់ខ្ជាប់ការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ
ទី៦. ប្រកាន់ខ្ជាប់ការចង្អុលបង្ហាញទិសដៅប្រតិបត្តិតាមរយៈគំនិតផ្តួចផ្តើមថ្មីនេះ យើងឃើញថានេះជាការសង្កត់ធ្ងន់ថែមទៀតទៅលើគោលជំហរពហុភាគីនិយមនិងការបើកចំហរបស់ចិនដែលបានប្រកាន់ខ្ជាប់តាំងពីដើមមក ហើយក៏ជាការបញ្ចេញសារមួយទៅកាន់ពិភពលោកផងដែរថា ប្រទេសចិនមិនត្រឹមតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់សកលលោកតាមរយៈការផ្តល់ទីផ្សារដែលប្រកបដោយសក្តានុពលនិងកាលានុវត្តភាពថ្មីៗ ក៏ដូចជាជំនួយឧបត្ថម្ភជាបន្តបន្ទាប់ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងពិភពលោក ។
ជាក់ស្តែងយើងឃើញថាកន្លងមកតាមរយៈគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» សន្ធិសញ្ញានិងអនុសញ្ញាផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងភាពជាដៃគូផ្សេងៗ ព្រមទាំងយន្តការសហប្រតិបត្តិឡានឆាង-មេគង្គជាដើម ប្រទេសចិនបានរួមចំណែកដែលមិនអាចខ្វះបាននិងដើរតួនាទីយ៉ាងសំខាន់ចំពោះការអភិវឌ្ឍជាសកល ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលធ្លាប់លើកឡើងថា ៖ ប្រទេសចិនជាយុថ្កាសម្រាប់លំនឹងសេដ្ឋកិច្ចពិភពលោកនិងគាំពារសុខសន្តិភាពរបស់ពិភពលោក ។
ស្ទើរតែគ្រប់កាលៈទេសៈទាំងអស់ យើងឃើញថាប្រទេសចិនតែងគូសបញ្ជាក់ម្តងហើយម្តងទៀតថា ពេលប្រឈមនឹងបញ្ហាសកលឬបញ្ហាប្រឈមរួម ដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតគឺការសាមគ្គីនិងរួមសហការគ្នា ។ អាស្រ័យហេតុនេះ យើងឃើញថា មិនថាបញ្ហាជំងឺកូវីដ-១៩ ឬបញ្ហាភេរវកម្ម បម្រែបម្រួលអាកាសធាតុ សិទ្ធិមនុស្ស គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ រក្សាសន្តិភាពនិងអភិបាលកិច្ចសកលជាដើម សុទ្ធតែមានវត្តមានរបស់ចិនដែលបានរួមចំណែកយ៉ាងសកម្មនូវ«ផែនការ កម្លាំងនិងតម្រិះប្រាជ្ញាចិន»សម្រាប់បញ្ជាក់ពីជំហរគាំទ្រពហុភាគីនិយមដោយឥតងាករេ និងដើម្បីឧត្តមប្រយោជន៍រួមរបស់ប្រជាជនចិននិងប្រជាជនពិភពលោក ។
«ពិភពលោកជាមហាគ្រួសារមួយ មនុស្សជាតិជាសហគមន៍រួមជោគវាសនាតែមួយ» នេះជាការលើកឡើងរបស់មេដឹកនាំកំពូលនៃប្រទេសចិន ។ ជាការពិតណាស់ រាល់ការអភិវឌ្ឍទាំងឡាយគឺសុទ្ធតែដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមរបស់មនុស្សជាតិ ពីព្រោះមិនថាពិភពលោកបានអភិវឌ្ឍដល់កម្រិតណាក្តី ក៏ត្រូវតែតម្កល់ទុកមនុស្សជាអាទិភាពបំផុតជាដរាប ។
ប្រទេសចិនមិនត្រឹមតែត្រូវសម្រេចសុបិនចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវរួមចំណែកដល់ការជំរុញឱ្យសម្រេចបាននូវសុបិនពិភពលោកស្តីពីសុខសន្តិភាពយូរអង្វែងនិងវិបុលភាពរួមផងដែរ ពោលគឺផ្សារភ្ជាប់សុបិនចិនជាមួយសុបិនពិភពលោក ។ ប្រទេសចិនបានគូសបញ្ជាក់បែបនេះម្តងហើយម្តងទៀត ដែលជាការសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះពិភពលោកផង ហើយក៏ជាការប្រកាសប្រាប់ពិភពលោកផងដែរថា ប្រទេសចិននឹងឈរនៅជាមួយពិភពលោកជានិច្ច ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ពោលគឺការអភិវឌ្ឍរបស់ចិនគឺជាការអភិវឌ្ឍរបស់ពិភពលោក កាលានុវត្តភាពរបស់ចិនគឺជាកាលានុវត្តភាពរបស់ពិភពលោក ។
និយាយជាសរុបទៅ ល្គឹកណាដែលប្រទេសនានាលើពិភពលោកខិតខំស្វែងរកគំនិតឯកភាពរួម រក្សាទុកការខ្វែងគំនិតគ្នានៅមួយអន្លើ តម្កល់ទុកផលប្រយោជន៍ប្រជាជនជាធំ បោះបង់ចោលគំនិតសង្គ្រាមត្រជាក់ ទស្សនៈផលបូកសូន្យ អញនិយមឬអនុត្តរភាពនិយម ហើយងាកមកតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ទៅវិញទៅមកដើម្បីផលប្រយោជន៍រួម លើកតម្កើងពហុភាគីនិយម ឱ្យតម្លៃនិងថែរក្សាសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ល្គឹកនោះយើងនឹងឈានដល់ការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិនិងការអភិវឌ្ឍជាសលដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនលើពិភពលោក ៕
( ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន )