ក្រសួងអភិវឌ្ឍន៏ជនបទ ទទួលអណ្តូងស្នប់ចំនួន១ពាន់៥០០ ពីសាធារណរដ្ឋឥណ្ឌា
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលអណ្ដូងស្នប់ អាហ្វ្រីដេវ ចំនួន ១ពាន់ ៥០០ អណ្ដូង ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។ ពិធីប្រគល់-ទទួលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត Rajkumar Rajan Singh រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក។
លោកស្រី Debashree Mukherjee ប្រធានក្រុមហ៊ុន WAPCOS និងសហការី និងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ ខេត្តត្បូងឃ្មុំ តាមប្រពន្ធ័អនឡាញ ZOOM ។
សូមបញ្ជាក់ថា អណ្ដូងស្នប់ដែលបានសាងសង់រួចទាំងនេះ មាននៅក្នុងខេត្តត្បូងឃ្មុំ មាន ១ពាន់ ១៩០អណ្ដូង ក្នុងនោះស្រុកមេមត់ ទទួលបាន ៦៨៩ អណ្ដូង ស្រុកក្រូចឆ្មារ ទទួលបាន ៤៦ អណ្ដូង និងស្រុកត្បូងឃ្មុំ ទទួលបាន ៤៥៥ អណ្ដូង និងខេត្តបន្ទាយមានជ័យ មាន ៣១០អណ្ដូង ក្នុងនោះស្រុកភ្នំស្រុក ទទួលបាន ៤៦ អណ្ដូង ស្រុកសិរីសោភ័ណ្ឌ ទទួលបាន ១០០ អណ្ដូង ស្រុកព្រះនេត្រព្រះ ទទួលបាន ៤៣ អណ្ដូង ស្រុកមង្គលបុរីទទួលបាន ២៦ អណ្ដូង ស្រុកម៉ាឡៃទទួលបាន ៦០ អណ្ដូង ក្រុងប៉ោយប៉ែត ទទួលបាន ១៧ អណ្ដូង ស្រុកស្វាយចេក ទទួលបាន ១៧ អណ្ដូង និងស្រុកអូរជ្រៅ ទទួលបាន ០១ អណ្ដូង៕