តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ត្រួតពិនិត្យកម្លាំង មធ្យោបាយ និងឧបករណ៍ សម្ភារៈ ដើម្បីត្រៀមធ្វើការសង្គ្រោះបន្ទាន់ពេលដែលមានគ្រោះមហន្តរាយដោយសារទឹកជំនន់
ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងមានរៀបចំការត្រួតពិនិត្យ កម្លាំងទ័ព មធ្យោបាយ និងឧបករណ៍ សម្ភារៈផ្សេងៗ ត្រៀមចល័តកម្លាំង ដើម្បីត្រៀមធ្វើការសង្គ្រោះបន្ទាន់ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។
កម្លាំងដែលបានចូលរួមថ្ងៃនេះមានចំនួន ៦១ នាក់មកពីតាមបណ្តាអង្គភាពក្រុង ស្រុក ចូលរួមក្នុងការសង្គ្រោះបន្ទាន់នៅគ្រោះមហន្តរាយផ្សេងៗដោយគ្រោះធម្មជាតិទឹកជំនន់ ។ យុទ្ធនាការអន្តរាគមន៍សង្គ្រោះបន្ទាន់ខាងលើនេះដឹកនាំដោយឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ និងជាអនុប្រធាន ក្រុមការងាររុករកសង្គ្រោះ និងសន្តិសុខ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តដោយធ្វើឡើងក្រោមអធិបតីភាព លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររុករកសង្គ្រោះ និងសន្តិសុខ នៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង ។
នៅក្នុងកិច្ចដំណើរការអន្តរាគមន៍និងសង្គ្រោះបន្ទាន់នេះធ្វើឡើងនៅមាត់ទន្លេផ្សារក្រោមមាន រថយន្តតូច ធំ ៧ គ្រឿង. ការណូត ៣ គ្រឿង និងសម្ភារៈសង្គ្រោះបន្ទាន់មួយចំនួនផងដែរ។ មេបញ្ជាការប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានធ្វើការអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវត្រៀមអន្តរាគមន៍ជាប្រចាំដើម្បីជួយសង្គ្រោះក្នុងខេត្តក៍ដូចជាទបញ្ជាយោធភូមិភាគទព័ជើងគោកដើម្បីទៅជួយតំបន់មួយចំនួនដែលមានគ្រោះមហន្តរាយដែលយើងត្រូវជួយគ្នា ។
សូមបញ្ជាក់ថានេះគឺជាការត្រៀមកម្លាំងសាកល្បងក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅពេលមានគ្រោះ
មហន្តរាយដោយសារទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗដោយគ្រោះធម្មជាតិ ៕ សុខ គឹមសៀន