សេណារីយ៉ូក្នុងការវាយប្រហារតៃវ៉ាន់

អត្ថបទដោយ៖
AMS OneMinute

សេណារីយ៉ូនូវលទ្ធភាព ដែលកងទ័ពរំដោះប្រជាជនចិន (PLA) នៃសាធារណរដ្ឋប្រជាមានិតចិន វាយប្រហារដែនដីកោះតៃវ៉ាន់ ដើម្បីបង្រួបបង្រួមគ្នារវាងចិនដីគោក និងកោះតៃវ៉ាន់ ត្រូវបានបរិយាយរ៉ាយរ៉ាប់នៅក្នុងអត្ថបទមួយនៃទស្សនាវដ្ដី “នាវា និងកប៉ាល់ពាណិជ្ជកម្ម” ដែលជាទស្សនាវដ្ដីមួយបកស្រាយអំពីអានុភាពរបស់កងទ័ពចិន។

អំឡុងខួប ១០០ឆ្នាំ នៃគណបក្សកុម្មុយនិស្តចិន ទស្សនាវដ្ដីនេះចេញវីដេអូនៃការប្រយុទ្ធគ្នា ដោយអមជាមួយសារនយោបាយមួយថា យើងត្រូវព្រមានមនុស្សមួយចំនួនថា ផ្លូវឆ្ពោះទៅកាន់តៃវ៉ាន់ឯករាជ្យគឺមានតែទៅរកសេចក្ដីស្លាប់ប៉ុណ្ណោះ។

នៅក្នុងអត្ថបទដែលចុះផ្សាយក្នុងលេខចុងក្រោយនេះ ការវាយប្រហារជុំទីមួយគឺអាចចាប់ផ្ដើម ដោយការបាញ់មីស៊ីលបាលីស្ទិក DF-16 និងការបាញ់មីស៊ីលគ្រូសពីលើដី DF-10A ដើម្បីកម្ទេចអាកាសយានដ្ឋានរបស់កោះតៃវ៉ាន់ ហើយព្រមទាំងកម្ទេចប្រព័ន្ធព្រមានការវាយប្រហារជាមុន និងមូលដ្ឋានទ័ពអាកាសរបស់កោះមួយនេះ។

ការវាយប្រហារជុំទីមួយ តាមពីក្រោយការពង្រាយយន្តហោះចម្បាំងពហុជំនាញ J-16 ដែលនឹងចេញទៅដើម្បីកម្ទេចព្រលានយន្តហោះតូចៗ និងផ្លូវធំៗ ដែលអាចប្រើប្រាស់ជាផ្លូវចេញដំណើរសម្រាប់យន្តហោះចម្បាំង។ នៅពេលនោះហើយ ខាងកងទ័ព PLA មានប្រៀបទាំងស្រុងលើសមរភូមិផ្លូវអាកាស ដែលអាចជួយកាត់បន្ថយភាពគ្រោះថ្នាក់ដល់កងទ័ពចិនដីគោក។ នៅក្នុងដំណាក់កាលនេះ កងទ័ពជើងគោក PLA នឹងឆ្លងសមុទ្រ ហើយឡើងលើកោះតៃវ៉ាន់ស្រេចទៅហើយ។

នៅដំណាក់កាលចុងក្រោយ កងទ័ពកាំជ្រួច PLA នឹងធ្វើការបាញ់កាំភ្លើងធំទៅកាន់គោលដៅកងទ័ពជើងគោករបស់តៃវ៉ាន់ ខណៈកងទ័ពអាកាសរបស់ចិនដីគោក ហោះទៅតម្រួតលើដែនអាកាស ដែលមានរយៈចម្ងាយ ២ពាន់គីឡូម៉ែត្រពីកោះតៃវ៉ាន់ ក្នុងគោលបំណងស្កាត់ និងបញ្ឈប់រាល់ជំនួយយោធាណាមួយមកកាន់កោះតៃវ៉ាន់។

យ៉ាងណាក៏ដោយ សេណារីយ៉ូរបស់ទស្សនាវដ្ដីមួយលើកណា ក៏ដូចលើកណាដែរ ដោយមិនបានធ្វើការព្យាករទុកជាមុនអំពីលទ្ធភាពនៃការវាយបកទៅវិញពីសំណាក់កងទ័ពតៃវ៉ាន់ កងទ័ពសហរដ្ឋអាមេរិក ឬ កងទ័ពសម្ព័ន្ធមិត្តនោះឡើយ។

ការស្រាវជ្រាវរបស់វិទ្យាស្ថានគម្រោង ២០៤៩ ដែលជាការស្រាវជ្រាវរបស់លោក Ian Easton បានឱ្យដឹងថា ចិនដីគោកត្រូវការកងទ័ពជើងគោកយ៉ាងតិច ២លាននាក់ ដើម្បីឆ្លងឡើងទៅដល់កោះតៃវ៉ាន់ ហើយយកជ័យជម្នះបាន។

យ៉ាងណាក៏ដោយ លោក Easton បានហៅសង្គ្រាមនេះថា ជាសោកនាដកម្មដែលមិនអាចស្រមៃចេញ ដោយសង្គ្រាមអាចនឹងផ្ទុះធំជាជាងអ្វីដែលធ្លាប់កើតមានឡើង។ សង្គ្រាមដែលស្រដៀងនឹងប្រតិបត្តិការយោធានេះគឺ សមរភូមិ D-Day ដែលជាពេលក្រុមសម្ព័ន្ធមិត្តវាយបកកងទ័ពអាល្លឺម៉ង់ Nazi នៅឆ្នេរសមុទ្របារាំង Normandy ឆ្នាំ១៩៤៤៕

ប្រភព៖

ads banner