ប្រមុខការពារជាតិអាមេរិក៖ ការដួលរលំភ្លាមៗនៃកងទ័ពអាហ្វហ្គានីស្ថាន ធ្វើអោយមន្ទីរបញ្ចកោណភ្ញាក់ផ្អើលជាខ្លាំង
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ល្លយដ៍ អូស្ទីន បានថ្លែងនៅចំពោះមុខការសួរចម្លើយដោយគណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិក ពាក់ព័ន្ធនឹងបរាជ័យរបស់សហរដ្ឋអាមេរិកនៅក្នុងសង្រ្គាម ២០ឆ្នាំនៅអាហ្វហ្គានីស្ថានថា ការដួលរលំភ្លាមៗនៃកងទ័ពអាហ្វហ្គានីស្ថាន បានធ្វើអោយមន្ទីរបញ្ចកោណមានការភ្ញាក់ផ្អើលជាខ្លាំង។
ប្រមុខការពារជាតិអាមេរិករូបនេះបានគូសបញ្ជាក់ថា ជាការពិតណាស់ កងទ័ពអាហ្វហ្គានីស្ថានដែលយើង និងសម្ព័ន្ធមិត្តរបស់យើងបានបណ្ដុះបណ្ដាល បានដួលរលំយ៉ាងឆាប់រហ័ស ហើយនៅក្នុងករណីខ្លះ គឺពួកគេមិនបានបាញ់តបតប្រឆាំងនឹងសត្រូវវិញឡើយ ដោយសុខចិត្តទម្លាក់អាវុធសុំចុះចាញ់ ដែលនេះពិតជាធ្វើឱ្យយើងមានការភ្ញាក់ផ្អើលជាខ្លាំង និងនឹកស្មានមិនដល់។
អ្វីដែលគួរកត់សម្គាល់នោះ ការដួលរលំរបស់អាហ្វហ្គានីស្ថាន ក្រោមថ្វីដៃរបស់ក្រុមតាលីបង់យ៉ាងឆាប់រហ័សនេះ បានវាយប្រហារលើប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានអះអាងថា សហរដ្ឋអាមេរិកទទួលបានជោគជ័យនៅក្នុងបេសកកម្មនៅប្រទេសអាស៊ីខាងត្បូងមួយនេះ។ ជាពិសេសនោះគឺវិធីសាស្ត្រដោះស្រាយបញ្ហារបស់លោក បៃដិន ដែលធ្វើឱ្យកងទ័ពអាមេរិក ១៣នាក់ស្លាប់ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុម ISIS នៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃទី២៦ ខែសីហា៕ ប្រភព៖ Reuters


