លោក Fumio Kishida នឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី ក្រោយឈ្នះការបោះឆ្នោតក្នុងគណបក្សកាន់អំណាច LDP
តូក្យូ៖ អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ហ៊្វូមីអុ គីហ្ស៊ីដា (Fumio Kishida) បានជាប់ឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ក្រោយការបោះឆ្នោត និងបូកសរុបលទ្ធផលនៅរសៀលថ្ងៃពុធនេះ ហើយតាមរយៈលទ្ធផលនេះដែរ លោកនឹងក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទី ៣ នេះ។
យ៉ាងណាមិញ លោក ហ៊្វូមីអុ គីហ្ស៊ីដា នឹងត្រូវរង់ចាំទទួលការអនុម័តពីសភាទាំងពីរជាន់ថ្នាក់របស់ប្រទេសជប៉ុនជាមុនសិន មុននឹងអាចកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បន្តពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ ដែលបានប្រកាសលាលែងចេញពីតំណែង កាលពីប៉ុន្មានសប្តាហ៍មុន។ សម្រាប់កិច្ចប្រជុំសភាដើម្បីសម្រេចរឿងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។
សម្រាប់តំណែងជាប្រធានបក្សកាន់អំណាច និងនាយករដ្ឋមន្ត្រីជប៉ុនថ្មីនេះដែរ គឺពិតជាសំខាន់ខ្លាំងណាស់ ដោយសារតែលោក ហ៊្វូមីអុ គីហ្ស៊ីដា នឹងត្រូវដឹកនាំគណបក្សទាំងមូលទៅដណ្តើមយកជ័យជម្នះជាថ្មី ក្នុងការបោះឆ្នោតសកល ដែលអាចនឹងប្រព្រឹត្តទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕ ប្រភព៖ CNA

