នាយករដ្ឋមន្រ្តីអ៊ីតាលី៖ កិច្ចប្រជុំវិសាមញ្ញានៃក្រុមប្រទេស G20 ស្តីពីអាហ្វហ្គានីស្ថាននឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែតុលាខាងមុខ

រូម៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi ថ្លែងថា កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ២០ ឬ G20 ដើម្បីពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែតុលាខាងមុខនេះ។

ប្រទេសអ៊ីតាលីនឹងកាន់តំណែងជាប្រធានាធិបតី G20 នៅឆ្នាំនេះ ហើយថ្មីៗនេះលោក Draghi បានពិភាក្សាអំពីប្រទេសអាហ្វហ្គានីស្ថានជាមួយមេដឹកនាំពិភពលោកដទៃទៀត រួមទាំងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រសំដៅប្រឈមមុខនឹងវិបត្តិនេះ។ លោក Draghi បានប្រាប់សន្និសីទសារព័ត៌មានថា សហគមន៍អន្តរជាតិត្រូវដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីការពារអាហ្វហ្គានីស្ថានក្លាយជាជម្រករបស់ពួកសកម្មប្រយុទ្ធ ហើយថា ប្រទេសកាតា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ធនាគារពិភពលោក WB និងអង្គការសហប្រជាជាតិក៏នឹងចូលរួមកិច្ចប្រជុំនេះដែរ។ វិបត្តិអាហ្វហ្គានីស្ថានកំពុងបញ្ឆេះការព្រួយបារម្ភនៅសហភាពអឺរ៉ុប ចំពោះហានិភ័យនៃលំហូរជនចំណាកស្រុកយ៉ាងច្រើន ហើយប្រទេសជាសមាជិកខ្លះបានប្រឆាំងរួចទៅហើយ ចំពោះផែនការទទួលជនភៀសខ្លួន។ បន្ទាប់ពីគ្រប់គ្រងអាហ្វហ្គានីស្ថាន តាលីបង់បានប្រកាសថា ខ្លួននឹងស្តារការប្រើទណ្ឌកម្មធ្ងន់ធ្ងរលើអ្នកល្មើសច្បាប់ រួមទាំងការកាត់ផ្តាច់ និងការកាត់ទោសប្រហារជីវិត និងទប់ស្កាត់សិទ្ធិស្ត្រី នេះបើតាមការអត្ថាធិប្បាយរបស់មន្រ្តីម្នាក់។

ទីក្រុងរូម បាននិយាយថា ការរំលោភសិទ្ធិស្ត្រីជាប្រព័ន្ធ ធ្វើអោយមិនអាចទទួលស្គាល់រដ្ឋបាលតាលីបង់បានទេ ប៉ុន្តែបានជំរុញឱ្យរដ្ឋាភិបាលបរទេសធានាការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ជនស៊ីវិលអាហ្វហ្គានីស្ថាន។ លោក Draghi បានបន្ថែមថា “ខ្ញុំជឿជាក់ថា វាជាកាតព្វកិច្ចរបស់ប្រទេសអ្នកមានបំផុតនៅលើពិភពលោក ក្នុងការធ្វើអ្វីមួយដើម្បីចៀសវាងមហន្តរាយមនុស្សធម៌”៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner