មនុស្សស្លាប់២នាក់ និងរបួសជាច្រើននាក់ ក្នុងករណីបំផ្ទុះគ្រាប់បែកនៅក្បែរវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាប៊ុល
កាប៊ុល៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោក Sayed Khosti បាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ និង ៤ នាក់ផ្សេងទៀតរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកនៅខាងក្រៅវិហារអ៊ីស្លាមមួយកន្លែងក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យម្សិលមិញ។
មុននេះអ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បាននិយាយថា ការបំផ្ទុះគ្រាប់បែកនៅខាងក្រៅវិហារអ៊ីស្លាមក្រុងកាប៊ុល បានសម្លាប់ជនស៊ីវិលមួយចំនួន។ លោក Mujahid បានសរសេរសារនៅលើបណ្តាញសង្គមធ្វីតធើថា ការផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅឯកន្លែងប្រមូលផ្តុំរបស់ជនស៊ីវិល នៅជិតខ្លោង ទ្វារវិហារអ៊ីដហ្គាហ៍នៅរសៀលនេះ។ រថយន្តសង្គ្រោះដែលដឹកអ្នករបួសត្រូវបានគេឃើញប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្រុងកាប៊ុល។ ហើយភ្លាមៗនោះ នៅពុំទាន់មានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។
នៅថ្ងៃដដែលនោះដែរ ក្រុមតាលីបង់បានធ្វើការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំលើកដំបូងរបស់ពួកគេនៅខាងក្រៅទីក្រុង ដើម្បីអបអរសាទរការពង្រឹងការគ្រប់គ្រងរបស់ពួកគេនៅអាហ្វហ្កានីស្ថាន៕ ប្រភព៖ CGTN
