រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយទៅលោកជំទាវ STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានលិខិតឆ្លងដែនស៊ីប ឬសញ្ជាតិស៊ីប។

បើតាមលិខិត ក្រសួងយុត្តិធម៌កម្ពុជា បញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផល នៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

«ខ្ញុំសូមបញ្ជាក់ជូន លោកជំទាវរដ្ឋមន្ត្រី មេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរៈបុរសខ្មែរមួយរូប ដែលបានដឹកនាំការតស៊ូបញ្ចប់សង្គ្រាមជាង២ទសវត្ស និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដីបរិបូរណ៍ សេចក្តីសុខសាន្ត និងវិបុលភាព ជូនប្រជាជន កម្ពុជា និងប្រទេសកម្ពុជា»។ នេះបើតាមការបញ្ជាក់ក្នុងលិខិត ឯកឧត្តម កើត រិទ្ធ។

ឯកឧត្តមបានបញ្ជាក់ទៀតថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជា សាធារណៈជាច្រើនលើកច្រើនសាចំពោះមុខប្រជាជនកម្ពុជា នូវ គោលជំហរនយោបាយឥតងាករេ គឺ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិន រត់ចោលប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ដោយទទួលបានការគោរពដ៏ខ្ពង់ខ្ពស់ និងការស្រឡាញ់ដ៏ជ្រាលជ្រៅ ពីសំណាក់ប្រជាជនកម្ពុជា, ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លើស ខាងលើនេះចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល»

ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ទៀតថា អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា សូមស្នើសុំកិច្ចសហការពី លោកជំទាវរដ្ឋមន្ត្រី មេត្តាស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ជាតិស៊ីប ដូចដែលសារព័ត៌មានខាងលើបានផ្សព្វផ្សាយ ដើម្បី បញ្ជាក់ឱ្យឃើញការពិតឱ្យបានច្បាស់លាស់ជូនដល់សាធារណជន និងប្រជាជនកម្ពុជាទាំងមូល ក៏ដូចជា ដើម្បី ធានារក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner