ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីចិនផ្ញើសារអបអរសាទរលោក Fumio Kishida ដែលក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្ញើសារអបអរសាទរដល់លោក Fumio Kishida ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។

នៅក្នុងសាររបស់ខ្លួន លោក ស៊ី បាននិយាយថា ចិន-ជប៉ុនគឺជាប្រទេសជិតខាងជិតស្និទ្ធ ហើយការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ព្រមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។ បន្ថែមលើនេះ លោក ស៊ី ក៏បានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមគោលការណ៍ដែលបានបង្កើតឡើងនៅក្នុងឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន ពង្រឹងកិច្ចសន្ទនា និងទំនាក់ទំនង ក៏ដូចជាបង្កើនការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងទំនាក់ទំនងទ្វេភាគីដែលត្រូវនឹងតម្រូវការនៃយុគសម័យថ្មី។ នៅថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីចិនលោក លី កេឈាំង ក៏បានផ្ញើសារអបអរសាទរទៅកាន់លោក គីស៊ីដា ផងដែរ។ លោក លី បាននិយាយថា ភាគីទាំងពីរគួរតែរក្សាការឯកភាពគ្នាផ្នែកនយោបាយ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ជំរុញឱ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព នៃទំនាក់ទំនងទ្វេភាគី នៅលើផ្លូវត្រូវ និងរួមគ្នាស្វាគមន៍ខួបលើកទី ៥០ នៃការធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងការទូតរវាងចិន-ជប៉ុននៅឆ្នាំក្រោយ។

សូមបញ្ជាក់ថា លោក គីស៊ីដា មេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់ជប៉ុន ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីទី ១០០ របស់ប្រទេសជាផ្លូវការ នៅក្នុងសម័យប្រជុំសភាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner