រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈស៊ីប ស្នើសុំកិច្ចសហការស្រាវជ្រាវការពិតជុំវិញការចោទប្រកាន់ចំពោះសម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនស៊ីប

ភ្នំពេញ:រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ នៅថ្ងៃទី៦ ខែតុលា នេះបានធ្វើលិខិតទៅលោកជំទាវSTEPHIE DRACOS រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីប ស្នើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជាផ្លូវការជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាបានជម្រាបជូន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៊ីបថា ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានពិនិត្យឃើញថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និងThe Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា “The Pandora Papers Investigation” ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែល ចោទប្រកាន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន លិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។

ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ជូនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរៈបុរសខ្មែរមួយរូប ដែលបានដឹកនាំការតស៊ូបញ្ចប់សង្គ្រាមជាង ២ ទសវត្ស និងបាននាំមកនូវសន្តិភាពពេញលេញ ឯកភាពទឹកដីបរិបូរណ៍ សេចក្តីសុខសាន្ត និងវិបុលភាព ជូនប្រជាជនកម្ពុជា និងប្រទេសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ និងធ្លាប់ប្រកាសជាសាធារណៈជាច្រើនលើកច្រើនសារចំពោះមុខប្រជាជនកម្ពុជា នូវគោលជំហរនយោបាយឥតងាករេ គឺ “រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឡើយ ទោះបីក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ”។ ដោយទទួលបានការគោរព ដ៏ខ្ពង់ខ្ពស់និងការស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ប្រជាជនកម្ពុជា ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លើស ខាងលើនេះចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា សូមស្នើសុំកិច្ចសហការពី លោកជំទាវ រដ្ឋមន្ត្រី មេត្តាស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ជាតិស៊ីប ដូចដែលសារព័ត៌មានខាងលើបានផ្សព្វផ្សាយ ដើម្បីបញ្ជាក់ឱ្យឃើញការពិតឱ្យបានច្បាស់លាស់ជូនដល់សាធារណជននិងប្រជាជនកម្ពុជាទាំងមូល ក៏ដូចជា ដើម្បី ធានារក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner