ក្រសួងការបរទេស ប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធ កំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមានសញ្ជាតិខ្មែរតែមួយគត់។
គំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតឈ្លាសវៃនេះ បានបញ្ជាក់ឱ្យឃើញពីទឹកចិត្តជាតិនិយមយ៉ាងប្តូរផ្តាច់ និងស្នេហាជាតិមាតុភូមិយ៉ាងមុះមុតគ្មានពីរ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមគោរព និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តយ៉ាងក្រៃលែង។ យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនៈភាពណាស់ដែលមានមេដឹកនាំដ៏ឈ្លៀសវៃមួយរូបប្រកបព្រហ្មវិហាធម៍ និងស្មារតីការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិ និងសុខមាលភាពប្រជាជន។
ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមលើកដៃប្រណម្យបួងសួងដលល់វត្ថុស័ក្តិសិទ្ឋទាំងអស់នៅក្នុងលោក សូមជួយតាមបីបាច់ថែរក្សា សម្តេចតេជោនាយករដ្ឋមន្ត្រី សូមប្រកបតែសុខភាពល្អ សុភមង្គល និងទទួលបានជ័យជំនះថ្មីៗថែមទៀតនៅក្នុងភារៈកិច្ចដ៏ឧត្តុងឧត្តមដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនត្រចះត្រចង់ថែមទៀតនាពេលអនាគត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
សម្តេចបានលើកឡើងដូច្នេះថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»៕

