កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចាប់ផ្តើមពិភាក្សាលើរបៀបវារៈស្តីពី “សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ”

ភ្នំពេញៈនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមពិភាក្សាលើរបៀបវារៈស្តីពី “សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣និង មាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ”។ រដ្ឋសភា, ព្រឹទ្ធសភា, រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសុទ្ធតែត្រូវបានកំណត់ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ដែលមានការពាក់ព័ន្ធ ក៏បានតម្រូវឱ្យតំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញទាំងអស់ ត្រូវតែមានសញ្ជាតិខ្មែរតាំងពីកំណើត។ បន្ថែមពីនេះ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរនោះ ក៏ត្រូវបានច្បាប់កំណត់ឱ្យត្រូវតែមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីធានាឱ្យការបំពេញភារកិច្ចរបស់ខ្លួនទាក់ទងនឹងការងារបោះឆ្នោតដែលជាស្នូលនៃដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ប្រព្រឹត្តទៅដោយឯករាជ្យ ដើម្បីធានាការពារ ឧត្តមប្រយោជន៍ជាតិពីការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ទាក់ទងនឹងកិច្ចដំណើរការបោះឆ្នោតពីខាងក្រៅ។

ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរនិងការ ប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស, និងដោយយោងតាមមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលសូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ)មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័ន ជាតិ រួមមាន៣មាត្រា ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖

  • មាត្រាមួយ ចែងអំពីសំណើធ្វើវិសោធនកម្មមាត្រា ១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា ១០៦ ថ្មី
    (មួយ) មាត្រា ១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
  • មាត្រាពីរ ចែងអំពីសំណើធ្វើវិសោធនកម្មមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម
    សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
  • មាត្រាបី ចែងអំពីការប្រកាសច្បាប់នេះជាការប្រញាប់៕
    ដោយៈពលជ័យ
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner