លោក ដូណាល់ ត្រាំ ព្រមានមេដឹកកំពូលអ៊ីរ៉ង់អោយប្រុងប្រយ័ត្នចំពោះការប្រើពាក្យសម្តីរបស់ខ្លួន
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានលោក អាលី ខាមេណៃ ឱ្យប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីរបស់ខ្លួន ក្រោយមេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះបានចាត់ទុកថា ការសម្លាប់លោកឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី ដោយយោធាអាមេរិក គឺជាទង្វើដ៏កំសាក ។

តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះថា មេដឹកនាំកំពូលអ៊ីរ៉ង់ដែលមិនសមកាន់តំណែងកំពូលបែបនេះ បាននិយាយរឿងដែលធ្វើឱ្យគេស្អប់ ដោយសារតែការមួលបង្កាច់សហរដ្ឋអាមេរិក និងអឺរ៉ុប ។ តែស្របពេលសេដ្ឋកិច្ចរបស់អ៊ីរ៉ង់កំពុងដុនដាប ហើយប្រជាជនអ៊ីរ៉ង់កំពុងរងការឈឺចាប់ ដូច្នេះលោកគួរតែមានការប្រយ័ត្នប្រយែងចំពោះពាក្យសម្ដីខ្លួនឯង ។

ប្រតិកម្មខ្លាំងៗរបស់ប្រធានាធិបតីអាមេរិករូបនេះ បានកើតមានឡើងក្រោយ លោក អាលី ខាមេណៃ បានថ្លែងសារកំឡុងពេលដឹកនាំការថ្វាយបង្គំនៅថ្ងៃទី១៧ខែមករា ជាលើកដំបូងនារយៈពេល៨ឆ្នាំមកនេះ ជាមួយការបរិហាថា សហរដ្ឋអាមេរិកមិនហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយលោក សូឡៃមេនី នៅលើសមរភូមិឡើយ ទើបលួចធ្វើឃាតរូបលោក ៕ធ.ដ
