ឯកឧត្តម ស សុខា សម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សា១ខ្នង ៥បន្ទប់ ដែលមានតម្លៃជាង៦ម៉ឺនដុល្លារ ជាអំណោយ «លោក ហុង ឆាយ និងលោកស្រី ម៉ា សុភី» នៅសាលាបឋមសិក្សាវត្តកែវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ជាតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា១ខ្នង មាន៥បន្ទប់ រួមនិងបង្គន់អនាម័យចំនួន២បន្ទប់ ដោយចំណាយថវិកាសរុបអស់៦៨.១០០ដុល្លារអាមេរិកដែលជាអំណោយសប្បុរសធម៌ របស់ លោក ហុង ឆាយ និងលោកស្រី ម៉ា សុភី ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តកែវ ស្ថិតក្នុងភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

        ពិធីសម្ពោធនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២១នេះ ដោយមានវត្តមានជាអធិបតីពីឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្រ្ដមណ្ឌលបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដែលនិងត្រូវផ្ទេរផ្លាស់ទៅកាន់មុខតំណែងថ្មី ជាអភិបាល នៃ គណៈអភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១១ខែតុលានេះ។ ជាមួយគ្នានេះ ក៏មានការចូលរួមពីអាជ្ញាធរស្រុកនិងអស់លោកលោកស្រីមន្ត្រីរាជការមន្ទីរជំនាញជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅទីនោះផងដែរ។

       ឯកឧត្តម ស សុខា បានចាត់ទុកអាគារសិក្សាថ្មី០១ខ្នង ដែលមាន៥បន្ទប់នេះ គឺពិតជាឆ្លើយតបនិងបម្រើនូវសេចក្តីត្រូវការនិងអំពីតម្រូវការចាំបាច់នៅក្នុងការសិក្សារបស់ក្មួយៗនៅទីនេះ និងជាការឆ្លើយតបបានទាន់ពេលវេលា ស្របតាមគោលដៅ អភិវឌ្ឍន៍សហស្សវត្សកម្ពុជា នូវក្នុងការលើកស្ទួយដល់វិស័យអប់រំកម្ពុជា និងដើម្បីការកសាងនូវធនធានមនុស្សប្រកបដោយសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។

       ឯកឧត្តម ស សុខា បានលើកឡើងទៀតថា៖ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកំណត់នូវគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ ហើយនយោបាយនេះ នៅតែជាអាទិភាពនិងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាលក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើននៅថ្ងៃអនាគត ទៀតផង។

       ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ក៏បានថ្លែងដោយសង្កត់ផងដែរថា៖ ការអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពធំៗទាំងបួនរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណធម៌ ដើម្បីបម្រើឲ្យនូវតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ទៅអនាគតដ៏រុងរឿង។

       ក្នុងឱកាសនៃពិធីសម្ពោធនេះ ឯកឧត្តម ងួន​ រតនៈ អភិបាលខេត្តបាត់ដំបង និងក្នុងនាមអាជ្ញាធរខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយផ្ទាល់ដែលបានផ្តល់នូវអគារសិក្សាថ្មី១ខ្នងនៅថ្ងៃនេះ។ដោយឡែក លោក ហុង ស៊ីថា តំណាងឱ្យលោក ហុង ឆាយ និងលោកស្រី ម៉ា សុភី ដែលត្រូវជាលោកឪពុក អ្នកម្ដាយ និងជាម្ចាស់ជំនួយក្នុងការកសាងនិងផ្តល់នូវអគារសិក្សានេះ ក៏បានរៀបរាប់អំពីជីវប្រវត្តិត្រួសៗរបស់លោក ហុង ឆាយ​ ដែលធ្លាប់រស់នៅនិងជាអ្នកភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ និងធ្លាប់បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សានេះ តាំងពីនៅតូចៗមកម្លេះ។

      តំណាងម្ចាស់អំណោយបានថ្លែងរំលឹកបន្ថែមទៀតថា៖ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស ដែលបានមករៀននៅទីនេះ និងការនឹករលឹកនូវអនុស្សាវរីយ៍ដែលធ្លាប់បានរៀនសូត្រកន្លងមក ព្រមទាំងមានបំណងចង់ចូលរួមជួយដល់សង្គមនិងរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យអប់រំ និង បណ្ដុះបណ្ដាល នូវធនធានមនុស្ស នៅកម្ពុជា លោកក៏បានសម្រេចចិត្តបរិច្ចាគនូវធនធានផ្ទាល់ខ្លួន នៅក្នុងការកសាងអគារសិក្សា១ខ្នងនេះឡើង។

        អ្វីដែលជាសំណូមពរពីម្ចាស់ជំនួយ ក្នុងនោះលោក ហុង ស៊ីថា ក៏បានសំណូមពរ និងក្រើនរំលឹកដល់មាតាបិតានិងអាណាព្យាបាលសិស្ស ត្រូវជំរុញកូនឲ្យមកសាលានិងមករៀនឲ្យបានគ្រប់ៗគ្នាដោយឡែក ចំពោះកូនៗ ក្មួយៗ ដែលជាសិស្សកំពុងសិក្សានៅក្នុងសាលានេះ សូមក្មួយៗ ត្រូវមករៀនឲ្យបានទៀងទាត់ មករៀនឲ្យបានចេះ ឲ្យបានចំណេះ និងទទួលនូវចំណេះដឹង “ចេះតិចប្រសើរជាងអត់ចេះ” មានចំណេះទើបធ្វើឲ្យខ្លួនយើងមានអនាគតល្អ សម្រាប់ទៅថ្ងៃអនាគត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner