អាជ្ញាធរស្រុកភ្នំស្រួច ជម្លៀសពលរដ្ឋ៤៥គ្រួសារ ចេញពីការលិច លង់ ដោយជំនន់ទឹកភ្លៀង
ប្រជាពលរដ្ឋប្រមាណ៤៥គ្រួសារ ដែលរស់នៅក្នុងភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង នៃស្រុកភ្នំស្រួចត្រូវបានបង្ខំចិត្តជម្លៀសមកកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង ហើយអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ និងផ្តល់ស្បៀងសង្គ្រោះបន្ទាន់។
អាជ្ញាធរស្រុកភ្នំស្រួច លោក ហ៊ន ពិសិដ្ឋ បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ថា ភ្លៀងបានធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យលំនៅដ្ឋាន និងហេដ្ឋារចនាសម្ពន្ធ័ក្នុងឃុំមួយចំនួនត្រូវរងការលិចលង់ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចាក់ពីលំនៅដ្ឋានមករកទីទួលសុវត្ថិភាព។ នៅចំពោះមុខពេលនេះប្រជាពលរដ្ឋ៤៥គ្រួសាររស់នៅក្នុងទំនប់អូរកូនត្រុំ ភូមិអូរកូនត្រុំ នៃឃុំត្រែងត្រយឹង ដែលបានរងការលិចលង់ធ្ងន់ធ្ងរ ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ។ ហើយដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃក្នុងកំឡុងពេលរស់នៅលើទីទួលនេះ រដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកស្បៀងសង្គ្រោះបន្ទាន់ទៅចែកជូនដល់ពលរដ្ឋទាំងអស់នេះ។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ទឹកគឺជាជីវិតនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង តែបើទឹកច្រើនពេកក៏អាចបំផ្លាញជីវិតយើងវិញដូចគ្នា។ ជាក់ស្តែងដូចពេលនេះ ទឹកបានបង្កការលិចលង់លំនៅដ្ឋានស្រែដំណាំ ហើយបានរុញច្រានឱ្យបងប្អូនបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន។ ក្នុងកាលៈទេសៈនៃការលិចលង់នេះ សូមបងប្អូនបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ព្រោះសត្វអសិរពិស និងសត្វកាចសាហាវផ្សេងៗវាក៏រត់រកទីទួលសុវត្ថិភាពដូចគ្នា ដូច្នេះវាអាចខាំឬទិចបងប្អូនប្រសិនជាបងប្អូនទៅប៉ះពាល់ឬជាន់វា។មួយវិញទៀតក៏សូមឱ្យបងប្អូនចូលរួមថែទាំសុខភាពផ្ទាល់ខ្លួនដោយហូបស្អាត ផឹកទឹកឆ្អិន និងគេងក្នុងមុងជាប្រចាំដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗផងដែរ។
សូមបញ្ជាក់ថាសម្រាប់ខេត្តកំពង់ស្ពឺ ទឹកជំនន់នៅមិនទាន់មានបញ្ហាចោទនៅឡើយទេ ហើយនេះជាគឺជាពលរដ្ឋដំបូងគេដែលរងគ្រោះដោយសារតែពួក គាត់រស់នៅក្នុងអាងស្តុកទឹកដែលកសាងឡើងនៅក្នុងរបបប៉ុលពត៣ឆ្នាំ ៨ខែនិង២០ថ្ងៃ និងជួសជុលឡើងវិញដោយក្រសួងធនធានទឹកនិងឧតុនិយម៕



