សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិសារអាហារអបអរសាទរ បុណ្យចូលឆ្នាំថ្មីវៀតណាម នៅសណ្ឋាគារសុខាភ្នំពេញ នៅល្ងាចនេះ
នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសារអាហារអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់វៀតណាម ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ឯ,ឧ វូ ក្វាងមិញ, ពាណិជ្ជករ អ្នកជំនួញខ្មែរ និងវៀតណាម ព្រមទាំងប្រជាពលរដ្ឋវៀតណាមមួយចំនួនទៀត ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
នេះជាលើកដំបូងហើយសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមពិសារអាហារបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងអ្នកវិនិយោគ ពាណិជ្ជករ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ជាការរួមចំណែកជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំង២ បានភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។ វៀតណាម និងកម្ពុជា គឺជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានព្រំប្រទល់រួមគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ។ មកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសមានរយៈពេលជាងកន្លះសតវត្សរ៍ហើយ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កំពុងស្វះស្វែងក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជាពិសេសជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានទំហំឱ្យកាន់តែធំឡើងថែមទៀត ៕ធ.ដ
