បារាំង អាល្លឺម៉ង់ អ៊ុយក្រែន រុស្សីយល់ព្រមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី
រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសថាកាលពីថ្ងៃចន្ទ ទី១១ តុលាអធិការបតីអាល្លឺម៉ង់អ្នកស្រីអេនជេឡា មឺកែល និងប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុងបានធ្វើជួបពិភាក្សាតាមទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្សី និងប្រធានាធិបតីអ៊ុយក្រែន ដើម្បីពិភាក្សាអំពីសង្គ្រាមផ្ដាច់ខ្លួននៅអ៊ុយក្រែន ហើយបានយល់ព្រមថារដ្ឋមន្ត្រីការបរទេសរបស់ពួកគេគួរតែជួបប្រជុំ។

ជាដំបូងមេដឹកនាំអឺរ៉ុបខាងលិចទាំងពីរបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោកវ៉ុលូឌីមមី ហ្សេឡែនស្គីដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ ដែលមានគោលបំណងនាំមកនូវដំណោះស្រាយសន្តិភាពនៃជម្លោះនៅអ៊ុយក្រែន។ បន្ទាប់មកមេដឹកនាំទាំងពីរបានជួបជាប្រធានាធិបតីរុស្សីលោកវ៉្លាឌីមៀរ ពូទីន ដើម្បីជំរុញលោកឱ្យលោកជួយធ្វើឱ្យមានវឌ្ឍនភាពក្នុងដំណើរការសន្តិភាព។
ប្រទេសអ៊ុយក្រែនគឺកំពុងប្រយុទ្ធក្នុងសង្គ្រាមជាមួយក្រុមផ្ដាច់ខ្លួនជនជាតិរុស្សីនៅតំបន់ដុនបាសភាគខាងកើតប្រទេស ដែលចាប់តាំងពីការផ្ទុះសង្គ្រាមកាលពីឆ្នាំ ២០១៤ បានសម្លាប់មនុស្សជាង ១៤០០០នាក់៕