អាជ្ញាធរខេត្តកំពង់ស្ពឺ ដាក់ចេញនូវវិធានការរដ្ឋបាលជាថ្មីរយៈពេល ១៤ថ្ងៃ ក្រោយស្ទុះឡើងវិញការឆ្លងជំងឺកូវីដ-១៩

 ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាថ្មីម្តងទៀត ក្រោយស្ថានភាពនៃការឆ្លងបានស្ទុះឡើងវិញគួរឱ្យព្រួយបារម្មណ៍។ការដាក់ចេញវិធានការរដ្ឋបាលនេះធ្វើឡើងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។

          ក្រោយការដាក់ចេញនូវវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានកំណត់ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមានជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡា។

          រាល់សកម្មភាពការងារ មុខរបរ អាជីវកម្ម ដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្តៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ។

ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១០នាក់ លើកលែងតែចំពោះករណីមួយចំនួនដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែកចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តន៍តាមខ្លឹមសារណែនាំនេះ រដ្ឋបាលខេត្តនិងអនុវត្តន៍វិធានការរដ្ឋបាលតាមផ្លូវច្បាប់ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតព្រមលិខិតបទដ្ឋានគតិយុត្តិផ្សេងៗជាធរមាន៕ ម៉ុន សំអាតឮ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner