កាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលបុណ្យ៧ថ្ងៃ សពលោក សំ តារាវុទ្ធី
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនសម្រាប់ចូលបុណ្យ៧ថ្ងៃ សពលោក សំ តារាវុទ្ធី អតីតតារាសម្តែងភាពយន្តជើងចាស់ ដែលបានទទួលមរណភាពដោយរោគាពាធ ដែលពិធីបុណ្យនេះ បានធ្វើថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅស្រុកកំណើត ក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។
លោកស្រីអគ្គលេខាធិការរងទី១ ពាំនាំនូវការរំលែកមរណទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការបាត់បង់សិល្បករមួយរូបដែលធ្លាប់មានស្នាដៃជាច្រើន និងបានចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈក្នុងប្រទេសកម្ពុជាយើង។
កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោក សំ តារាវុទ្ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

