តៃវ៉ាន់នឹងចាត់វិធានការកាន់តែក្ដៅ បើចិនចូលមកកាន់តែជិត
កោះតៃវ៉ាន់នឹងចាត់វិធានការកាន់តែក្ដៅ ប្រសិនបើចិនបញ្ជូនយន្តហោះចម្បាំងចូលមកកាន់តែជិត។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ ដាក់ជូនសភារបស់ខ្លួនកាលពីថ្ងៃពុធកន្លងទៅ។

យ៉ាងណាមិញ បើតាមរបាយការណ៍ខាងលើ ខាងក្រសួងការពារជាតិមិនបានផ្ដល់នូវព័ត៌មានលម្អិតជាក់លាក់ណាមួយទៅកាន់សភានោះទេ។
កងទ័ពចិនដីគោកកន្លងមក ជាពិសេសកាលពីដើមខែតុលា បានបញ្ជូនយន្តហោះចម្បាំងហោះចូលដែនអាកាសរបស់តៃវ៉ាន់ ដោយភាគច្រើនហោះចូលក្នុងតំបន់ ដែលក្បែរនឹងឆ្នេរសមុទ្ររបស់ចិនដីគោក។ លុះកាលពីថ្ងៃទី១ ខែតុលា ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនហោះចូលក្នុងដែនអាកាសរបស់ខ្លួនហាក់ដូចជាចូលខ្លាំងជាងរាល់ដង។
ក្រសួងការពារជាតិតៃវ៉ាន់បានប្រាប់សភាបន្ថែមថា ខ្លួនមានក្ដីព្រួយបារម្ភ ខណៈពេលដែលចិនដីគោកមានអានុភាពយោធាកាន់តែខ្លាំង ដោយមាននាវាចម្បាំងផ្ទុកយន្តហោះថ្មីៗ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។ លើសពីនេះទៀត សមត្ថភាពរបស់យោធាចិនអាច ធ្វើការរាំងខ្ទប់ដល់ច្រកសមុទ្រតៃវ៉ាន់ទាំងមូល។
ចិនដីគោកតែងតែប្រកាសថា កោះតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយអ្វីដែលខ្លួនកំពុងតែធ្វើរាល់ថ្ងៃនេះគឺ ដើម្បីតែការពារអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះ៕