ក្រុមអង្គការ WHO បង្ហើបពីក្រុមអ្នកវិទ្យាសាស្ត្រថ្មី ទទួលខុសត្រូវលើការស៊ើបអង្កេតប្រភពដើមវីរ៉ុសកូរ៉ូណា
អង្គការសុខភាពពិភពលោក បង្ហើបពីក្រុមអ្នកវិទ្យាសាស្ត្រថ្មីមួយក្រុម ដែលនឹងទទួលបន្ទុកស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់ពីប្រភពដើមវីរ៉ុសកូរ៉ូណា ថាតើវាកើតឡើងយ៉ាងដូចម្តេច។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន South China Morning Post។

អង្គភាពដដែលនេះ បានប្រកាសអំពីការបង្កើតក្រុមអ្នកស្រាវជ្រាវចំនួន ២៦ នាក់ កាលពីថ្ងៃ ពុធ រួមមានអ្នកជំនាញផ្នែកវីរ៉ុស ផ្នែករោគរាតត្បាត ផ្នែកសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ ក៏ដូចជាអ្នកជំនាញមកពីវិស័យដទៃទៀត។ បេក្ខជនជាង ៧០០ នាក់ ត្រូវបានជ្រើសរើស ដោយអង្គការសុខភាពពិភពលោក មកពីប្រទេសនានា រួមមាន ចិន អាមេរិក ឥណ្ឌា កេនយ៉ា និងប្រេស៊ីលជាដើម។
ក្រុមអ្នកវិទ្យាសាស្ត្រថ្មីនេះ ត្រូវបានគេស្គាល់ថា ជាក្រុមប្រឹក្សាវិទ្យាសាស្ត្រស្តីពីប្រភពដើមនៃមេរោគ ឬ ហៅកាត់ថា Sago ដែលនឹងត្រូវទទួលខុសត្រូវលើការស៊ើបអង្កេតអំពីដើមកំណើតមេរោគកូរ៉ូណារបស់ អង្គការ WHO ក្រោយពីក្រុមអ្នកជំនាញ បានធ្វើដំណើរទៅប្រទេសចិនកាលពីដើមឆ្នាំនេះ ក្នុងបេសកកម្មរយៈពេល ៤ សប្តាហ៍នៅទីក្រុងវូហាន ដែលគេចាត់ទុកថាជាប្រភពផ្ទុះវីរុសកូរ៉ូណាកាលពីដើមឆ្នាំ២០២០។
ក្រុម Sago ដែលជាស្ថាប័នអចិន្រ្តៃយ៍ នឹងត្រៀមខ្លួន ដើម្បីស៊ើបអង្កេតប្រភពដើមនៃវីរ៉ុសបច្ចុប្បន្ន និង នាពេលអនាគត ដែលក្រុមនឹងចាប់ផ្តើមជួបប្រជុំនៅចុងខែនេះ ក្រោយមានការពិគ្រោះយោបល់ជាសាធារណៈរយៈពេលពីរសប្តាហ៍លើសមាជិក ដែលបានស្នើកន្លងមក។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បាននិយាយថា ក្រុមនេះ នឹងជួយផ្តល់ដំបូន្មានដល់អង្គការសុខភាពពិភពលោកអំពីការអភិវឌ្ឍន៍ ការត្រួតពិនិត្យ និងការគាំទ្រការសិក្សាជាស៊េរី អំពីប្រភពដើមនៃមេរោគឆ្លងរួមទាំង «ដំបូន្មានរហ័ស» លើផែនការប្រតិបត្តិការផ្សេងៗនាពេលអនាគតផងដែរ។
ពួកគេ ក៏នឹងបង្កើតក្របខ័ណ្ឌសម្រាប់ដោះស្រាយការស្រាវជ្រាវប្រភព សម្រាប់ការផ្ទុះឡើងនាពេលអនាគតផងដែរ។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា៖ «ការលេចចេញនូវមេរោគថ្មី ដែលមានសក្តានុពលក្នុងការបង្កឱ្យមានជំងឺរាតត្បាត និងរោគរាតត្បាត គឺជាការពិតនៃធម្មជាតិ តួរយ៉ាងដូចវីរ៉ុស Sars-CoV-2 គឺជាវីរុសថ្មីបំផុត ក៏ប៉ុន្តែមិនមែនមានន័យថាជាវីរ៉ុសចុងក្រោយដែរ»។
លោក Lawrence Gostin នាយកមហាវិទ្យាល័យនៃវិទ្យាស្ថាន O’Neill ទទួលបន្ទុកខាងច្បាប់សុខភាពជាតិ និងសកលនៅសាកលវិទ្យាល័យ Georgetown សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «អង្គការ WHO បានបោះជំហានយ៉ាងឆ្លាតវៃ ក្នុងការបង្កើតក្រុមប្រឹក្សាមួយនេះ។ ការធ្វើបែបនេះនឹងបង្កើតបាននូវទំនុកចិត្តសាធារណៈ និងទទួលបានទំនុកចិត្តពីរដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រយ៉ាងទូលំទូលាយ»។
គួរបញ្ជាក់ផងដែរថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការសម្រេចចិត្តក្នុងការបង្កើតក្រុមនេះ កាលពីខែ កក្កដា ច្រើនខែ បន្ទាប់ពីការបញ្ចប់បេសកកម្មដំណាក់កាលទី ១ ដ៏ចម្រូងចម្រាស់ ដែលប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ថា ដំណើរការនេះកង្វះតម្លាភាពព្រោះមិនមានការចូលរួមពេញលេញពីរដ្ឋាភិបាលចិន។
ក្រុមអ្នករិះគន់ បាននិយាយថា ក្រុមអ្នកសិក្សាពីប្រភពដើមមានទទួលទំនាស់ផលប្រយោជន៍ ព្រោះសមាជិកក្រុម លោក Peter Daszak អ្នកឯកទេសជំងឺអេកូឡូស៊ី មានទំនាក់ទំនងការងារយូរអង្វែង ជាមួយមន្ទីរពិសោធន៍មួយគឺ វិទ្យាស្ថានវូហានវិទ្យាសាស្ត្រមេរោគ។
បញ្ជីចុងក្រោយនៃ អ្នកជំនាញ Sago នឹងត្រូវបានត្រួតពិនិត្យដោយម៉ឺងម៉ាត់ និងល្អិតល្អន់បំផុត សម្រាប់សម្ព័ន្ធភាពមុននេះ។ បើយោងតាមអ្នកជំនាញអភិបាលកិច្ចសុខភាពនិងសាស្រ្តាចារ្យសាកលវិទ្យាល័យហ្គ្រីហ្វីតប្រទេសអូស្ត្រាលីគឺ អ្នកស្រី Sara Davies។
ទោះយ៉ាងណា គេមើលឃើញថា ក្រុមនេះកំពុងបោះជំហានចូលទៅក្នុងទឹកដី ដែលមិនប្រាកដប្រជាមួយអំពីអនាគតនៃបេសកកម្មបែបនេះទៅកាន់ប្រទេសចិន ព្រោះកាលពីខែ កក្កដា ទីក្រុងប៉េកាំង ធ្លាប់បានច្រានចោលផែនការរបស់អង្គការ WHO ដែលរួមបញ្ចូលការស្រាវជ្រាវបន្ថែមនៅក្នុងប្រទេស។
ទីក្រុងប៉េកាំង បានសង្កត់ធ្ងន់ម្តងហើយម្តងទៀត ចំពោះការបើកចំហរបស់ខ្លួនក្នុងការធ្វើការ ជាមួយអង្គការសុខភាពពិភពលោកស្តីពី «ការតាមដានប្រភពដើមជាសកល» និងការពារតម្លាភាពរបស់ខ្លួននៅក្នុងបេសកកម្មចុងក្រោយ ប៉ុន្តែក៏មានការលើកឡើងដែរថា ផែនការបញ្ចូលការធ្វើសវនកម្មមន្ទីរពិសោធន៍ គឺមានហេតុផលនយោបាយ និងកំពុងផ្តោតលើការផ្លាស់ប្តូរទៅក្រៅប្រទេស។
ទន្ទឹមនឹងនេះ ការអត្ថាធិប្បាយនៅក្នុងសុន្ទរកថារបស់គណបក្សកុម្មុយនិស្ត People’s Daily កាលពីដើមខែនេះ ក៏បានចោទសួរថាតើក្រុម SAGO នឹងអាចទទួលឥទ្ធិពលពីអាមេរិកឬយ៉ាងណា។
អ្នកស្រី Davies បានឱ្យដឹងថា៖ «បេសកកម្មទៅកាន់ប្រទេសចិនរបស់ក្រុម Sago អាចជាការបំពុលមួយ ដែលបង្វៀងការចាប់អារម្មណ៍ពីប្រទេសផ្សេង ដោយងាកមករកតែប្រទេសចិនតែឯង។ នេះក៏អាចចោទជាសំណួរមួយថា ប្រទេសមួយគំនរ មិនរក ហេតុអ្វីមករកតែចិន?»
ទោះយ៉ាងណា គេនៅមើលឃើញបញ្ហាប្រឈមធំធេងសម្រាប់ក្រុម Sago ក្នុងការទទួលបានលទ្ធភាពបន្តការស៊ើបអង្កេតដើមកំណើតមេរោគនៅប្រទេសចិន។