ក្រសួង-ស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំរួមគ្នា ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដើម្បីប្រែក្លាយប្រទេសកម្ពុជា ឱ្យមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អ
ភ្នំពេញ៖ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាអំពីសេចក្តីព្រាងគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួល មាត្រា៤ មាត្រា៨ និងមាត្រា១០ នៃអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២០ ។
ស្របជាមួយនឹងដំណើរឆ្ពោះទៅមុខនៃកិច្ចអភិវឌ្ឍ ការធ្វើទំនើបកម្ម និងនិរន្តរភាពទីក្រុង ក៏ដូចជាការបន្ស៊ីខ្លួន ទៅនឹងបរិបទសកលនៃការរស់នៅប្រកបដោយចីរភាព, ការមានជីវភាពកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋ កម្ពុជា តម្រូវការមូលដ្ឋានចម្បងរបស់ពួកគាត់ គឺការផ្លាស់ប្តូរទម្លាប់ នៃការរស់នៅ ដែលមានផាសុខភាព និង សុខមាលភាពសាធារណៈ។ ក្នុងន័យនេះ ការដាក់ចេញនូវគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជន នេះគឺជាកិច្ចការបន្ទាន់ និងប្រកបដោយសារវន្ត ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនាពេល បច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សោភ័ណភាពទីប្រជុំជន និងការពារ ប្រព័ន្ធអេកូឡូស៊ីដែលជាឧត្តមប្រយោជន៍ជាតិ ។
ការរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រង សំរាម សំណល់រឹង ទីប្រជុំជន ២០១៩-២០២៨ មានគោលបំណង ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន ដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យមានសោភ័ណភាព បរិស្ថានស្អាត និងអនាម័យល្អ ប្រកបដោយភាពទាក់ទាញ ។
ចំណែកឯសេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលមាត្រា៤ មាត្រា៨ និងមាត្រា ១០ នៃអនុក្រឹត្យលេខ ២៣៨ អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាន និង សង្គម មានគោលបំណងកែសម្រួល និងធ្វើឱ្យប្រសើឡើងនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងរបស់មូលនិធិបរិស្ថាន និងសង្គមតាមរយៈការកំណត់ប្រភពចំណូល និងការប្រើប្រាស់មូលនិធិបរិស្ថាន និងសង្គម ឱ្យកាន់តែមានតម្លា ភាព និងប្រសិទ្ធភាពខ្ពស់ដែលក្នុងនោះ រួមមាន ៖ (១.) សមាសភាពរបស់គណៈកម្មាធិការមូលនិធិបរិស្ថាន និង សង្គម (២.) ប្រភពចំណូលរបស់មូលនិធិបរិស្ថាន និងសង្គម និង (៣.) សកម្មភាពដែលអនុញ្ញាតឱ្យប្រើប្រាស់ មូលនិធិបរិស្ថាន និងសង្គម ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូនព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ដល់ក្រុមការងារនៃក្រសួងបរិស្ថាន ដែលបានរៀបចំសេចក្តីព្រាងទាំង២ដ៏មានសារៈសំខាន់នេះ និងថ្នាក់ ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សានិងបានផ្តល់ជាធាតុចូល សម្រាប់កែលម្អបន្ថែមលើសេចក្តីព្រាងទាំងពីរនេះ ៕ធ.ដ