អ៊ីរ៉ង់នឹងបន្តកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅក្នុងសប្តាហ៍នេះ
តេហេរ៉ង់៖ សមាជិកសភាអ៊ីរ៉ង់ម្នាក់បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហូសិន អាមៀរ អាប់ឌុលឡាហ៊ាន ថា ប្រទេសអ៊ីរ៉ង់នឹងបន្តការចរចានុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោកនៅថ្ងៃទី ២១ ខែតុលាខាងមុខនេះ បន្ទាប់ពីបានផ្អាកកាលពីខែមិថុនាកន្លងទៅ។
លោក អាម៉េដ អាលីហ្ស៊ាប៊ីហ្គី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Fars បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយលោក អាមៀរ អាប់ឌុលឡាហ៊ាន ថា ការពិភាក្សាជាមួយក្រុមប្រទេស ៤+១ នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងព្រុចសែល។ សមាជិកសភារូបនេះចង់សំដៅទៅលើសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន ៤ គឺអង់គ្លេស ចិន បារាំង និងរុស្ស៊ី រួមជាមួយអាល្លឺម៉ង់។ អ៊ីរ៉ង់ និងប្រទេសទាំង ៥ នេះបានបើកកិច្ចចរចានៅទីក្រុងវីយែន កាលពីខែមេសា ជាមួយសហភាពអឺរ៉ុបផងដែរ ខណៈដែលសហរដ្ឋអាមេរិកបានចូលរួមក្នុងការចរចាដោយប្រយោល។ សហរដ្ឋអាមេរិក ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេសបានធ្វើកិច្ចព្រមព្រៀងមួយនៅទីក្រុងវីយែន ជាមួយអ៊ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែរក្នុងឆ្នាំ ២០១៥។ ប៉ុន្តែបន្ទាប់មកអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះនៅឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេហេរ៉ង់។
ចាប់តាំងពីពេលនោះមក ទីក្រុងតេហេរ៉ង់ដែលបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែការប្រើប្រាស់ស៊ីវិលប៉ុណ្ណោះ ក៏បានដកថយពីការសន្យាជាច្រើនរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះដែរ។ អ្នកស្នងតំណែងរបស់លោក ត្រាំ គឺលោក ចូ បៃដិន បាននិយាយថា លោកត្រៀមខ្លួនវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនេះវិញ ប្រសិនបើអ៊ីរ៉ង់គោរពតាមការសន្យានុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។ដោយឡែកប្រធានការទូតរបស់សហភាពអឺរ៉ុបលោក ចូសេប បូរែល បាននិយាយនៅថ្ងៃសុក្រសប្តាហ៍មុនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយមេដឹកនាំអ៊ីរ៉ង់នៅទីក្រុងព្រុចសែល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងដែលកំពុងធ្លាក់ចុះនេះ៕ ប្រភព៖ CGTN



