ប្រើរយៈពេល ២ថ្ងៃ កងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនឃាតករចាក់សម្លាប់មិត្តភក្ត្រ័ខ្លួនឯងនៅស្រុកមុខកំពូល បានហើយ

កណ្តាល ៖ ចាប់បានហើយ ឃាតករ ចាក់មិត្តភក្ត្រ័ខ្លួនឯងនៅស្រុកមុខកំពូល បានហើយ ដោយប្រើរយៈពេល ២ថ្ងៃប៉ុណ្ណោះ ។ ឃាតករត្រូវបាន តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នផងដែរ ។ លទ្ធផលសម្រេចបានេះគឺ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៌ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ក្រោមការចុះដឹកនាំស្រាវជ្រាវផ្ទាល់ដោយលោក ទូច អុីណាន មេបញ្ជាការរងទទួលជំនាញ និងចុះអនុវត្តស្រាវជ្រាវគ្រប់គោលដៅពាក់ព័ន្ធជាក់ស្តែងដោយលោក សឿ បញ្ញា ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត។

ហេតុការណ៌បានកើតឡើងនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ចំណុចផ្លូវ ២៦១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និងឃាត់ខ្លួនជនសង្ស័យបានថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ង្វៀង ដាងជុង ភេទប្រុស ជនជាតិវៀតណាម (មានបណ្ណស្នាក់នៅ) អាយុ ៤០ឆ្នាំ មុខរបរម៉ៅការសំណង់។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនសង្សយ័ឈ្មោះ ស្រេង តាយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង (មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ)។ បើតាមមន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្សយ័បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទូរសព្ទ័ហៅរូបគេទៅជួបគ្នាមើលការងារសំណង់នៅភ្នំពេញ លុះដល់ថ្ងៃត្រង់ជនសង្ស័យក៏បានជិះរថយន្តឈ្នួលចេញពីផ្ទះក្នុងខេត្តព្រៃវែង ទៅម្តុំផ្សារច្បារអំពៅ ដោយយកកូនកាំបិតចុងស្រួចដងជ័រពណ៌លឿង ០១ដើមទុកក្នុងហោប៉ៅខោទៅជាមួយ ក្នុងគោលបំណងចាក់ជនរងគ្រោះ ព្រោះធ្លាប់កុហក់ខ្លួនច្រើនដងមកហើយ ធ្វើឲ្យខាតពេលវេលា និងអស់សោហ៊ុយជាច្រើន ដង។

ពេលទៅដល់ផ្សារច្បារអំពៅ ជនសង្ស័យ បានទូរស័ព្ទទៅជនរងគ្រោះជាច្រើនដងឲ្យទៅយកខ្លួន តែជនរងគ្រោះជាប់រវល់លេងអុក ដោយប្រាប់ថាឲ្យចាំមួយភ្លែតៗរហូតដល់វេលាល្ងាចទើបទៅជួបគ្នា ហើយជនសង្ស័យក៏មានចិត្តខឹងជាខ្លាំង រួចហើយជនរងគ្រោះបានដឹកជនសង្ស័យទៅមើលកាងារ ជិះតាមផ្លូវជាតិលេខ 6A និងបន្តចូលទៅជិតដល់កន្លែងកើតហេតុក៏មានភ្លៀង រួចក៏បាននាំគ្នាចូលទៅអង្គុយនៅហាងជិតនោះ និងបានហៅស្រាបៀរផឹកមួយសន្ទុះ (អស់ចំនួនកន្លះកេស)។

ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះទាក់ទងទៅគេ ដែលហៅមកមើលការងារនោះ តែជនរងគ្រោះបែជាទូស័ព្ទទៅប្រាប់គេថា មេឃភ្លៀងហើយយប់ងងឹតទៀតមិនបានទៅជួបទេ។ ជនសង្ស័យបាននិយាយថា ជនរងគ្រោះនិយាយកុហក់ ហើយបានឈ្លោះប្រកែកគ្នា (ពាក្យសម្តី) រួចគិតលុយចេញដំណើរទៅទៀត ដោយជនរងគ្រោះជាអ្នកឌុប និងប្រាប់ជនសង្ស័យឲ្យទៅដេកនៅផ្ទះខ្លួននៅម្តុំស្ទឹងមានជ័យសិនទៅ ស្អែកចាំមកជួបគេនិយាយការងារទៀត។

ពេលកំពុងជិះម៉ូតូនោះជនសង្ស័យនិងជនរងគ្រោះនៅតែបន្តប្រកែកគ្នា ស្របពេលជនរងគ្រោះចង់ឈប់ចុះនោមសិន ក៏បង្អង់ម៉ូតូរៀបនឹងឈប់ដាក់ចន្ទល់ ក៏ស្រាប់តែជនសង្ស័យបានយកកូនកាំបិតចុងស្រួចដែលទុកក្នុងហោប៉ៅខោ ដកចេញធ្វើសកម្មភាពចាក់ខ្នងជនរងគ្រោះពីក្រោយ ០១កាំបិត ភ្លាមនោះជនរងគ្រោះបានតបតទៅវិញដោយយកមួកសុវត្ថិភាពដេញវាយជនសង្ស័យ ហើយជនសង្ស័យក៏បានរត់តែជនរងគ្រោះនៅតែបន្តដេញ ជនសង្ស័យក៏បានបែរមកចាក់ជនរងគ្រោះត្រូវ ០១កាំបិតទៀតចំទ្រូងខាងឆ្វេង និងចាក់លើខ្នងជាច្រើនកាំបិតបន្ថែមបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះចេញទៅ និងបានបោះកូនកាំបិតចោលនៅជិតកន្លែងកើតហេតុ រួចយកម៉ូតូជនរងគ្រោះជិះតាមផ្លូវជាតិលេខ 6A ឡើងផ្លូវជាតិលេខ 8 ឆ្ពោះទៅផ្ទះរបស់ខ្លួននៅស្រុកពាមរក៍ ខេត្តព្រៃវែង និងឈប់កាច់ស្លាកលេខម៉ូតូចោលតាមផ្លូវ (មិនចាំកន្លែង) ដោយខ្លាចបែកការណ៍រូបគេក៏យកម៉ូតូទៅរុញទំលាក់ចោលក្នុងទឹកស្រះស្ថិតនៅវត្តមួយ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយខ្លួនក៏បានទៅចូលរួមបុណ្យសពជនរងគ្រោះដែលជាមិត្តភក្តិ រស់នៅភូមិជាមួយគ្នានៅថ្ងៃបន្ទាប់ (ធ្វើខ្លួនជាធម្មតាដើម្បីកុំឲ្យគេសង្ស័យ) តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាល និងបញ្ជូនបន្តដាក់ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួចហើយ ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner