ប្រមុខការពារជាតិអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបរបស់ចិន
ហ្សកហ្ស៊ី៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន និយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបរបស់ចិន បន្ទាប់ពីមានរបាយការណ៍ថា ទីក្រុងប៉េកាំងបានតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំលេង។
ប្រមុខការពារជាតិអាមេរិករូបនេះ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់អតីតសាធារណរដ្ឋសូវៀតហ្សកហ្ស៊ីថា យើងកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍសព្វាវុធ និងប្រព័ន្ធជឿនលឿនរបស់ចិនដែលនឹងបង្កើនភាពតានតឹងនៅក្នុងតំបន់។ បន្ថែមលើនេះ លោក អូស្ទីន បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកក៏នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការប្រកួតប្រជែងផ្នែកយោធាពីខាងភាគីចិនផងដែរ។
ប្រតិកម្មខាងលើនេះរបស់សហរដ្ឋអាមេរិកបានកើតមានឡើងបន្ទាប់ពីកាលពីសប្តាហ៍កន្លងទៅនេះ សារព័ត៌មាន Financial Times ដែលយោងតាមប្រភពមិនបញ្ចេញឈ្មោះចំនួន ០៥ បានចេញផ្សាយរបាយការណ៍មួយថា ប្រទេសចិនបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរកាលពីខែសីហាកន្លងទៅ៕ ប្រភព៖ CNA

