មន្រ្តីអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោននឹងមិនចូលរួមកិច្ចពិភាក្សាស្ដីពីអាហ្វហ្គានីស្ថាន ដែលធ្វើជាម្ចាស់ផ្ទះដោយរុស្ស៊ីឡើយ
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយស៍ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា យើងនឹងមិនចូលរួមក្នុងកិច្ចពិភាក្សាទីក្រុងម៉ូស្គូនោះទេ។ ត្រយកា ផ្លាស់ (Troika-plus) គឺជាវេទិកាប្រកប ដោយប្រសិទ្ធភាព និងការស្ថាបនាមួយ…. យើងទន្ទឹងរង់ចាំចូលរួមក្នុងវេទិកានោះទៅមុខ ប៉ុន្តែយើងមិនមានលទ្ធភាពចូលរួមក្នុងសប្តាហ៍នេះទេ។
លោក ប្រាយស៍ បញ្ជាក់ថា សហរដ្ឋអាមេរិកមិនអាចចូលរួមក្នុងកិច្ចចរចានេះបាននោះទេ ដោយសារតែមានបញ្ហាផ្នែកភស្តុភារ ហើយថា ភាគីអាមេរិកគាំទ្រដំណើរការនេះ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន បញ្ជាក់ថា អ្នកតំណាងពិសេសអាមេរិកសម្រាប់ការផ្សះផ្សាអាហ្វហ្គានីស្ថានលោក ហ្សាល់មេ ខាលីហ្សាដ កំពុងចាកចេញពីតំណែង ហើយនឹងត្រូវជំនួសដោយអនុប្រធានរបស់លោក គឺលោក ថមម៉ាស់ វេសន៍ ។
បើតាមបេសកជនពិសេសរុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន លោក ហ្សាមៀ ខាប៊ូលូវ (Zamir Kabulov) បានគូសបញ្ជាក់ថា រុស្ស៊ីបានអញ្ជើញសហរដ្ឋអាមេរិកឱ្យចូលរួមក្នុងកិច្ចពិភាក្សានាពេលខាងមុខនេះ ស្តីពីអាហ្វហ្គានីស្ថាន នៅទីក្រុងម៉ូស្គូ ដែលនឹងផ្តោតលើការកសាងឡើងវិញក្រោយជម្លោះ និងជំនួយមនុស្សធម៌៕ ប្រភព៖ ស៊ីនហួរ

