ក្រុមហ៊ុន ស្មាត ប្រកាសរៀបចំការប្រកួតកីឡាអេឡិចត្រូនិច ផប់ជី តាមទូរស័ព្ទដៃដំបូងគេបង្អស់នៅកម្ពុជា ជាមួយប្រាក់រង្វាន់១២០លានរៀល
ភ្នំពេញ៖ កីឡាអេឡិចត្រូនិច PUBG តាមទូរស័ព្ទដៃបានបង្ហាញនូវការពេញនិយមខ្លាំង ជាពិសេសក្នុងចំណោមអតិថិជនយុវវ័យរបស់យើង ហើយទើបយើងសម្រេចចិត្តរៀបចំការប្រកួតនេះឡើងសម្រាប់អ្នករាល់គ្នា ដើម្បីរីករាយនឹងកីឡាអេឡិចត្រូនិចតាមទូរស័ព្ទដៃ ដែលមានអ្នកលេងច្រើនបំផុតជាមួយក្រុមហ៊ុន Smart ហើយក៏មានការឈ្នះរង្វាន់មួយចំនួនផងដែរ ។

ការថ្លែងបែបនេះត្រូវបានលោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata ធ្វើឡើងក្នុងពិធីប្រកាសការប្រកួតកីឡាអេឡិចត្រូនិច Smart PUBG តាមទូរស័ព្ទចល័តដំបូងបង្អស់ សម្រាប់អ្នកចូលចិត្តកីឡាអេឡិចត្រូនិច ដោយមានផ្ដល់រង្វាន់ជាថវិកាសរុបចំនួន១២០លានរៀលដល់ក្រុមដែលឈ្នះទាំងអស់ផងដែរ ដែលពិធីនេះរៀបចំឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនស្មាត នាព្រឹកថ្ងៃទី១៤ ខែមករានេះ ។

លោក ថូម៉ាស ហ៊ុន បន្តថាព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB តាមទូរស័ព្ទចល័តនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា និងមានគាំទ្រដោយក្រុមហ៊ុន Tencent Games ដែលជាក្រុមហ៊ុនអ៊ីនធឺណិត និងបច្ចេកវិទ្យាធំជាងគេបង្អស់មួយក្នុងពិភពលោក ។

លោកនាយកប្រតិបត្តិបន្ថែមថា ក្រៅពីការឈ្នះប្រាក់រង្វាន់ សមាជិកនៃក្រុមជ័យលាភីទាំង ១០ក្រុម នឹងទទួលបានទូរស័ព្ទស៊េរីចុងក្រោយបង្អស់ពីក្រុមហ៊ុន Realme ផងដែរ ។ ក្នុងនាមជាដៃគូរបស់ការប្រកួតកីឡាអេឡិចត្រូនិច Smart PUGB តាមទូរស័ព្ទចល័ត Realme នឹងជួយផ្ដល់ទូរស័ព្ទសម្រាប់សមាជិកគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្ត្រ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ត្រូវបង្កើតក្រុមដែលមានសមាជិកចំនួនបួននាក់ហើយចុះឈ្មោះតាមរយៈគេហទំព័រ https://pubg.smart.com.kh/join ។ បេក្ខជនចូលរួមទាំងអស់ត្រូវមានអាយុយ៉ាងតិច១៦ឆ្នាំ និងជាអតិថិជនជាវគម្រោង PUBG Mobile Unlimited ប្រចាំខែអំឡុងពេលនៃការប្រកួត ។ ការចុះឈ្មោះនឹងត្រូវបិទនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ។

អតិថិជនដែលមានបំណងចង់លេងសេវាកំសាន្ត PUBG Mobile Unlimited គ្រាន់តែចំណាយ ៥ សេនក្នុងមួយថ្ងៃ សម្រាប់ការចូលរួមលេងកំសាន្តកម្មវិធី ឬ ១ ដុល្លារក្នុងមួយខែ សម្រាប់ការចូលលេងគ្មានដែនកំណត់រយៈពេល ៣០ ថ្ងៃ។ ដើម្បីភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited ប្រចាំថ្ងៃសូមចុច *770*1# សម្រាប់ការភ្ជាប់សេវាកំសាន្ត PUBG Mobile Unlimited ប្រចាំខែ សូមចុច *770*2 # ៕ធ.ដ