អាជ្ញាធរសុខាភិបាលអាមេរិកសម្រេចអនុម័តអោយប្រើវ៉ាក់សាំង Moderna និង J&J សម្រាប់ការចាក់ដូសជំរុញ ឬដូសទី៣ ជាចំរុះ

វ៉ាស៊ីនតោន៖ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រេចអនុម័តអោយប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Moderna Inc និង Johnson & Johnson សម្រាប់ការចាក់ដូសជំរុញ ឬដូសទី៣ ជា «ចំរុះ» ប៉ុន្តែត្រូវចាក់អោយត្រូវម៉ាកគ្នាដូចការចាក់កាលពីលើកមុន។

ការសម្រេចចិត្តខាងលើនេះ បានបើកផ្លូវអោយប្រជាជនរាប់លាននាក់ទៀតនៅក្នុងសហរដ្ឋអាមេរិក ទទួលបានការការពារបន្ថែមប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Delta ដែលបង្កអោយមានការឆ្លងរីករាលដាលខ្លាំង ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ។ វ៉ាក់សាំងចំរុះដែល FDA ទើបបានអនុម័តអោយប្រើប្រាស់នេះ គឺ Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង Pfizer ដែលត្រូវបានអនុម័តអោយប្រើប្រាស់មុនគេ ចាប់តាំងពីខែកញ្ញា។

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកដែលបានចាក់វ៉ាក់សាំង Moderna ពីរដូសរួចរាល់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំ អ្នកមានអាយុចាប់ពី ១៨ឆ្នាំ ដែលស្ថិតក្នុងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងអ្នកមានអាយុចាប់ពី ១៨ឆ្នាំ ដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ គឺអាចទៅទទួលការចាក់វ៉ាក់សាំង Moderna ដូសទី ៣ បានហើយ។ ដោយឡែកសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាប្រភេទចាក់តែ ១ដូសនោះ បន្ទាប់ពីរយៈពេល ២ខែកន្លះ ពួកគេអាចមកទទួលការចាក់វ៉ាក់សាំង Johnson & Johnson ដូសជំរុញបាន៕ ប្រភព៖ CNA និង CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner