មន្ត្រីជំនាញ ចុះអប់រំផ្សព្វផ្សាយពីទិសដៅចរាចរណ៍ សញ្ញាព្រួញ និងការប្រើប្រាសផ្លូវថ្នល់ ដល់អ្នកបើកបរ និងអ្នកប្រើប្រាសផ្លូវថ្នល់ លើគន្លងថ្មី
បន្ទាយមានជ័យ ៖ មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក សុក ចាន់ថា ប្រធានមន្ទីរ សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកាលពីថ្ងៃទី២១ ខែតុលាឆ្នាំ២០២១ បានចេញអប់រំ ផ្សព្វផ្សាយ ពីទិសដៅចរាចរណ៍ សញ្ញាព្រួញ និងការប្រើប្រាសផ្លូវថ្នល់លើគន្លងថ្មី នៅផ្លូវបំបែកទឹកថ្លានៃផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ ។
សកម្មភាពនេះ ធ្វើឡើង ក្រោយពីកំណាត់ផ្លូវជាតិលេខ៥ សិរីសោភ័ណ-បាត់ដំបង ដែលស្ថាបនាធ្វើឱ្យប្រសើរឡើងមាន ៤គន្លង ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពីខែកញ្ញា ២០២១ កន្លងមកនេះ ។ ប៉ុន្តែ បងប្អូនអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត មិនទាន់អនុវត្តបានតាមច្បាប់ , តាមកាណែនាំរបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរូបភាពជាក់ស្តែងនៃគន្លងផ្លូវ សញ្ញា ឬគំនួសប្រាប់ទិសនៅឡើយ ។ ពោលគឺបើកបរនៅតែខុសឬធ្វើតាមទម្លាប់ខាងខុស នៅពេលផ្លូវស្ថាបនាថ្មី ដែលធ្វើឱ្យប្រសើរឡើងតាមស្តង់ដារអន្តរជាតិ នៃផ្លូវហាយវេអាស៊ាន១ មានទ្រូងចែកផ្លូវ ហើយ មាន២គន្លងទៅ ២គន្លងមក ។
ដើម្បីបញ្ជៀសនិងកាត់បន្ថយនៃការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះ លោក សុក ចាន់ថា និងមន្ត្រីជំនាញ ក័ដូចមន្ត្រីនគរបាលចរាចរណ៍បានស្នើឱ្យអ្នកបើកបរនិងអ្នកប្រើប្រាសយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដូចជា ត្រូវគោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ផ្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ។ល។
លោក បន្តទៀតថា ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្រប់ដណ្តប់ រាល់ការធ្វើចរាចរណ៍លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ច្បាប់នេះមានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឱ្យធ្វើចរាចរណ៍ជាសាធារណៈ ការពារអាយុជីវិតមនុស្សសត្វ និងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្សនិងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន។ ការបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឹងម៉ាត់ ក៏ចាត់ទុកថាជាការបើកបរប្រកបដោយសុជីវធម៌ដែរ ៕ដោយ ៖ ឃិន គន្ធា