លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងចូលជួយការពារកោះតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកនឹងចូលជួយការពារកោះតៃវ៉ាន់ ប្រសិនបើចិនប្រើប្រាស់កម្លាំងយោធា ហើយក៏ប្តេជ្ញាចិត្តការពារកោះដែលចិនទាមទារជាទឹកដីរបស់ខ្លួនមួយនេះផងដែរ។
នៅក្នុងវេទិការមួយរៀបចំឡើងដោយសា្ថនីយ៍ទូរទស្សន៍ CNN និងជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្របសម្រួល ដែលសួរថាតើសហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ដែរឬទេ ប្រសិនបើមានការវាយប្រហារពីចិននោះ លោក បៃដិន បានឆ្លើយថា ពិតណាស់ យើងបានប្ដេជ្ញាចិត្តថា នឹងធ្វើរឿងមួយនេះ។ លោក បៃដិន បន្តថា ប្រជាជនមិនគួរព្រួយបារម្ភអំពីកម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ពីព្រោះប្រទេសចិន រុស្ស៊ី និងពិភពលោកទាំងមូលដឹងថា យើងជាយោធាដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។ លោក បៃដិន បន្ថែមថា អ្វីដែលអ្នកត្រូវព្រួយបារម្ភនោះ គឺថាតើពួកគេនឹងចូលរួមក្នុងសកម្មភាពដែលនឹងធ្វើឱ្យពួកគេស្ថិតក្នុងទីតាំងមួយដែលពួកគេអាចមានកំហុសធ្ងន់ធ្ងរ។
ការអះអាងបែបនេះរបស់លោក បៃដិន បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការ ពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅក្នុងខែនេះថា ភាពតានតឹងផ្នែកយោធារវាងតៃវ៉ាន់ និងចិន បានស្ថិតក្នុងកម្រិតដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ ហើយថា ប្រទេសចិននឹងអាចបង្កើនការឈ្លានពានទ្រង់ទ្រាយធំនៅឆ្នាំ ២០២៥៕ ប្រភព៖ Reuters

