រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤.៧ទ្រីលានរៀល ស្មើប្រមាណ ៨.៥ពាន់លានដុល្លារត្រូវជា ២៧,៩%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨.៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋឱ្យត្រូវបានចំនួន ២៥,៦ទ្រីលានរៀល ស្មើនឹង ៦.៣ពាន់លានដុល្លារ ត្រូវជា ២០,៦% នៃផ.ស.ស ដែលមានការកើនឡើង ១៩,៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
ក្របខណ្ឌថវិកាឆ្នាំ២០២២ មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជំនះផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
ថវិកាឆ្នាំ២០២២ ដែលជាឆ្នាំទី៤ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាល អាចបន្តគ្រប់គ្រងសភាពការណ៍វិបត្តិជំងឺកូវីដ១៩ និងអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេសដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញ ហើយអាចឆ្លើយតបបានទៅនឹងបំណងប្រាថ្នារបស់ប្រជាជនផង ក៏ដូចជានឹងជួយរាជរដ្ឋាភិបាលឱ្យសម្រេចបាននូវបុព្វហេតុចម្បងៗ ស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ សំដៅនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។
ក្នុងន័យនេះ ថវិកាឆ្នាំ២០២២ អាចប្រសិទ្ធនាមបានថាជា ថវិកាសម្រាប់ការបន្តប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីបន្តប្រយុទ្ធការពារជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ៕
ប្រភព៖ FN