សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ផលិតមាសបានជាង ៧០០គីឡូក្រាម ក្នុងរយៈពេល ៣ខែកន្លងមកនេះ
ភ្នំពេញ៖ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជា ផលិតមាសបានជាង ៧០០គីឡូក្រាម។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម។
សូមជម្រាបថា ការដ្ឋានអាជីវកម្មរ៉ែមាស និងរោងចក្រចម្រាញ់រ៉ែមាស ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់ប្រទេសកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី បានចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕