ប៉ាឡេស្ទីនថ្កោលទោសអ៊ីស្រាអែល ជុំវិញផែនការសាងសង់លំនៅឋានថ្មីៗចំនួន១.៣៥៥ខ្នងទៀតនៅលើទឹកដីតំបន់ West Bank
ប៉ាឡេស្ទីន៖ អាជ្ញាធរប៉ាឡេស្ទីនបានថ្កោលទោសអ៊ីស្រាអែល ចំពោះការរៀបចំឯកសារដេញថ្លៃសាងសង់លំនៅដ្ឋានថ្មីៗចំនួន ១.៣៥៥ខ្នងនៅក្នុងផែនការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅលើទឹកដីតំបន់ West Bank។
ក្រសួងការបរទេសប៉ាឡេស្ទីនបានគូសបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការដាក់ដេញថ្លៃសាងសង់លំនៅឋានរាប់ពាន់ខ្នងខាងលើនេះ គឺជាការពុះពាររបស់អ៊ីស្រាអែលដោយបើកចំហ ដើម្បីបន្តការសាងសង់លំនៅឋាន នៅក្នុងទឹកដីរបស់ប៉ាឡេស្ទីន។ ការបន្តសកម្មភាពសាងសង់ទីលំនៅនៅតំបន់ West Bank និង ហ្សេរុយសាឡឹមខាងកើត (East Jerusalem) គឺជាការមិនអើពើ ចំពោះដំណោះស្រាយរបស់អន្តរជាតិ និងសហរដ្ឋអាមេរិក ដែលបានបដិសេធរួចមកហើយ នូវការតាំងទីលំនៅបែបនេះ»។
ប៉ាឡេស្ទីនក៏បានព្រមានផងដែរ អំពីផលប៉ះពាល់ទៅដល់ដំណោះស្រាយរដ្ឋពីរ «two-state solution» ដោយសារតែផែនការសាងសង់លំនៅឋានថ្មីរបស់អ៊ីស្រាអែលនេះ ហើយរដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ចំពោះផលវិបាកទាំងឡាយ ដែលខ្លួនបានបង្កឡើងដោយសារតែការរំលោភបំពានលើខ្សែបន្ទាត់ក្រហមទាំងអស់នេះ៕ ប្រភព៖ ស៊ីនហួរ
