យោធាមីយ៉ាន់ម៉ា៖ របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិស្តីពីប្រទេសខ្លួនជាការញុះញង់អោយមានអំពើហិង្សា

យ៉ាងហ្គូន៖ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​បានចាត់ទុក​របាយការណ៍​សិទ្ធិមនុស្ស​ចុងក្រោយបង្អស់​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​ប្រ​​ទេស​ដែលមាន​ជម្លោះ​នេះ​ថា ​ជា​ការ​ញុះញង់អោយមាន​អំពើ​ហិង្សា​ ហើយ​បាន​ចោទប្រកាន់​ស្ថាប័ន​នេះ​ថា​បាន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​។​

អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រសប្តាហ៍មុនបញ្ជាក់ថា ខ្លួន​មាន​ការបារម្ភ​អំពី​មហន្តរាយ​សិទ្ធិ​មនុស្ស​កាន់តែ​ខ្លាំង ចំ​ពេល​មាន​របាយការណ៍​ថា ​ទាហាន ​និង​អាវុធ​ធុន​ធ្ងន់​រាប់​ម៉ឺន​កំពុង​ត្រូវបាន​ចល័ត​ទី​ទៅ​​កាន់​តំបន់ ​ដែល​មាន​ការ​ប្រឆាំង​នៅ​ភាគ​ខាងជើង​ និង​ភាគ​ពាយ​ព្យ​។ ទន្ទឹមនេះ ​អ្នករាយការណ៍​ពិសេស​ប្រចាំ​មី​យ៉ាន់​ម៉ា លោក ថម អេន​ឌ្រូ បាន​ព្រមាន​ដល់​មហាសន្និបាតអង្គការសហប្រជាជាតិ​ថា យុទ្ធសាស្ត្រ​នេះ​គឺ​ធ្វើឱ្យ​គេ​នឹកឃើញ​ដល់​រឿង​អកុសល​ដែល​បាន​ដាក់ពង្រាយ​ មុន​​ពេល​ការបង្ក្រាប​បង្ហូរឈាម​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ក្នុង​ឆ្នាំ ២០១៦-២០១៧ ។​

ជាការឆ្លើយតបនោះ នៅ​ថ្ងៃអាទិត្យម្សិលមិញ របប​យោធា​មីយ៉ាន់ម៉ាបាន​រិះគន់​របាយការណ៍​ខាងលើនេះ ​ ហើយ​បាន​ចោទប្រកាន់អង្គការសហប្រជាជាតិ​ថា ​បាន​ប្រើប្រាស់​សិទ្ធិ​មនុស្ស​ជា​ឧបករណ៍​នយោបាយ​ ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​។ បើតាមក្រសួងការបរទេស​របបយោធាមីយ៉ាន់ម៉ា របាយការណ៍​នេះ​ នឹង​​នាំអោយ​មាន​ការបែកបាក់​បន្ថែមទៀត​ក្នុង​ប្រទេសជាតិ​នេះ ​និង​ជាការ​ញុះ​​ញង់​អោយមាន​អំពើហិង្សា​ផ្ទៃក្នុង​​៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner