ចិនមានបំណងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈស៊ីលឱ្យនៅក្រោម ២០ភាគរយត្រឹមឆ្នាំ ២០៦០

ប៉េកាំង៖​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួរ​កាល​ពី​ថ្ងៃ​អាទិត្យ​រាយការណ៍​ថា​ ប្រទេស​ចិន​កំពុង​កំណត់​គោលដៅ​ថាមពល​ស្អាត​ក្រោម​ផែនការ​ផ្លូវ​ការ​មួយ​ មាន​មហិច្ឆតា​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ឱ្យ​នៅ​ក្រោម​ ២០ ​ភាគ​រយ​នៅ​ត្រឹម​ឆ្នាំ​ ២០៦០​។​

​ផែនការ​ថ្មី​ធ្វើ​ឡើង​ក្រោយ​លោក​ប្រធានាធិបតី​ ស៊ី ​ជីនពីង​ (Xi Jinping)​ ​ប្ដេជ្ញា​​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​នៅ​ឆ្នាំ ​២០៣០ ​និង​សម្រេច​បាន​នូវ​អព្យាក្រឹត​ភាព​កាបូន​ ៣០​ឆ្នាំ​បន្ទាប់​ ខណៈ​ពេល​​ប្រទេស​នេះ​​ត្រូវ​​បាន​​​គេ​​រិះ​គន់​​​ពី​រឿង​ការ​​ជំរុញ​​ឲ្យ​​មាន​​ការ​​បើក​​រោងចក្រ​​ថាមពល​​ធ្យូងថ្ម​​​ថ្មី​​រាប់​​សិប​​កន្លែង​។​

​​​​តាម​ការ​រាយការណ៍​ ចិន​ដាក់​ចេញ​នូវ​គោល​ដៅ​ជាច្រើន​នៅ​ក្នុង​ផ្លូវ​របស់​ខ្លួន​ឆ្ពោះ​ទៅ​រក​អព្យាក្រឹត​ភាព​កាបូន​ ហើយ​ក្នុង​ចំនោម​នេះ​ មាន​សមាមាត្រ​នៃ​ការ​ប្រើប្រាស់​ឥន្ធនៈ​មិនមែន​ហ្វូស៊ីល​ឈាន​ដល់​ប្រហែល​ ២៥ ​ភាគរយ​នៃ​ការ​ប្រើ​ប្រាស់​ថាមពល​សរុប​នៅ​ឆ្នាំ ​២០៣០ ​។​

​យោង​តាមការផ្សាយ​របស់​​ស៊ីនហួរ​ដដែល​ ​ នៅ​ឆ្នាំ​នោះ ​ការ​បំភាយ​កាបូន​ឌីអុកស៊ីត​ក្នុង​មួយ​ឯកតា​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នឹង​ធ្លាក់​ចុះ​ជាង​ ៦៥ ​ភាគ​រយ​ពី​កម្រិត​ឆ្នាំ​ ២០០៥ ​ខណៈ​ពេល​ដែល​សមត្ថភាព​ដំឡើង​សរុប​នៃ​ថាមពល​ខ្យល់​ និង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ត្រូវ​បាន​កំណត់​គោលដៅ​ឱ្យ​ឈាន​ដល់​ជាង​ ១,២ ​ពាន់​លាន​គីឡូវ៉ាត់​។​ គោលការណ៍​ណែនាំ​នេះ​ក៏​​រំឮក​ឡើង​វិញ​ពី​គោលដៅ​មុន​សម្រាប់​ការ​បញ្ចេញ​កាបូន​ក្នុង​មួយ​ឯកតា​នៃផ​លិតផល​ក្នុង​ស្រុក​សរុប​ឱ្យ​ធ្លាក់​ចុះ​ ១៨ ​ភាគ​រយ​នៅ​ឆ្នាំ ​២០២៥ ​ពី​ស្តង់ដារ​ឆ្នាំ​ ២០២០ ​។​

​ប្រទេស​ចិនប្រឈម​មុខ​នឹង​​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​ប្រើ​ប្រាស់​ធ្យូងថ្ម​ដែល​ជួយ​សេដ្ឋកិច្ចដែល​​ពឹង​ផ្អែក​លើ​ថាមពល​ជិត​ ៦០​ភាគរយ​។ អ្នក​រៀបចំ​ផែនការ​សេដ្ឋកិច្ច​​ភ័យ​ខ្លាច​ថា​ ​ការ​កាត់​បន្ថយ​បំផ្លាញ​ធ្យូង​ថ្ម​លឿន​ពេក​​អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​។​

​​ខណៈ​​ដែល​​ចិន​​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​​ថា​ប្រធានាធិបតី​ស៊ី​មាន​បំណង​គ្រប់​គ្រង​យ៉ាង​តឹងរ៉ឹង​នូវ​កំណើន​រោង​ចក្រ​ថាមពល​ធ្យូង​ថ្ម​ ប្រទេស​នេះ​ក៏​​បង្ហាញ​ពី​ការ​បន្ត​កើន​ឡើង​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ខាង​មុខ​​ដោយ​និយាយ​ថា​ ការ​ប្រើ​ប្រាស់​ធ្យូងថ្ម​នឹង​ចាប់​ផ្តើម​កាត់​បន្ថយ​បន្តិច​ម្តង​ៗ​ចាប់​ពី​ឆ្នាំ​ ២០២៦ ​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner